ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តក្រុងចំនួន៣០នៅវៀតណាមឲ្យសិស្សឈប់រៀនដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

នៅព្រឹកថ្ងៃទី ១០ ខែឧសភា មានតំបន់ជាច្រើនក្នុងប្រទេសវៀតណាម បានប្រកាសឲ្យសិស្សផ្អាកទៅសាលារៀន កែទម្រង់កាលវិភាគ ឬឲ្យសិស្សបញ្ចប់ឆ្នាំសិស្សាមុនពេលកំណត់។
នៅខេត្តឡាវកាយ គណៈកម្មាធិការប្រជាជនខេត្ត បានសម្រេចឲ្យសាលាបឋមសិក្សា ផ្អាកទៅសាលា ចាប់ពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការប្រកាសថ្មី។ ជាមួយគ្នានេះដែរ សិស្សថ្នាក់ទី៦,៧,៨ និង ១០,១១ ត្រូវបង្វែរមករៀនតាមអនឡាញវិញ ចាប់ពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ ។
ក្រៅពីនេះនៅមានខេត្តក្រុងជាច្រើន ក៏បានសម្រេចឲ្យសិស្សផ្អាកការសិក្សាឬឱ្យសិស្សវិស្សមកាលតែម្តង ដើម្បីបញ្ចៀសការឆ្លង។ សកម្មភាពខាងលើកើតឡើងក្រោយពេលវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី រហូតដល់ជាង ១០០ករណីក្នុងសហគមន៍។
អាជ្ញាធរសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១០២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,៣៣២ករណី។ ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ១០២ករណីខាងលើ មាន ៩២ករណីជាករណីឆ្លងក្នុងសហគមន៍ ចំណែក ១០ករណីទៀតជាករណីនាំចូល។
ករណីសហគមន៍ភាគច្រើន គឺមានជាប់ទាក់ទងនឹងអ្នកជំងឺដែលត្រូវបានបញ្ជាក់ពីមុន ឬមានទំនាក់ទំនងជាមួយចង្កោមចម្លងនៅតាមមូលដ្ឋាន។អាជ្ញាធរសុខាភិបាលនៅថ្ងៃអាទិត្យនេះក៏បានឲ្យដឹងទៀតថា ករណីមួយចំនួនដែលបានបញ្ជាក់កាលពីមុននៅទីក្រុងហាណូយ និងខេត្តភាគខាងជើងប្រទេស ត្រូវបានរកឃើញថាមានវីរុសបំប្លែងខ្លួនថ្មី របស់ឥណ្ឌាផងដែរ។
ប្រទេសវៀតណាមបានកត់ត្រានូវការឆ្លងក្នុងស្រុកសរុបចំនួន ១,៩០៣ករណី ក្នុងនោះមាន ៣៣៣នាក់ទើបតែបានរកឃើញ ចាប់តាំងពីការផ្ទុះឡើងចុងក្រោយបង្អស់នៅថ្ងៃទី ២៩ ខែមេសាកន្លងទៅ៕ ដោយ៖ ធីរីណា

រូបភាព៖ Plo


ចែករំលែក៖