ក្រុមសេះបង្កង់ Juventus ត្រូវបានគេអះអាងថា ក្លិបនេះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌអុីតាលី Serie A ប្រសិនបើពួកគេនៅតែជាផ្នែកមួយនៃការចូលរួមក្នុងក្របខ័ណ្ឌ European Super League ដែលទើបបង្កើតថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១១ ឧសភាម្សិលមិញ។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus រួមជាមួយក្រុមBarcelona និង Real Madrid មិនទាន់ដកខ្លួនចេញពី European Super League ដែលបានស្នើនៅឡើយទេ។
ប្រធានសហព័ន្ធអុីតាលីលោក Gabriele Gravina បាននិយាយថាប្រសិនបើ Juventus មិនគោរពតាមច្បាប់ពួកគេនឹងត្រូវអស់សិទ្ធិក្នុងការលេងនៅលីគកំពូលអុីតាលី ។ នៅពេលចុះឈ្មោះប្រកួតសម្រាប់ជើងឯក Serie A ក្លិបនឹងត្រូវដកចេញប្រសិនបើពួកគេសំរេចចិត្តមិនដកខ្លួនចេញពីក្របខ័ណ្ឌ Super League ។
ទាំង Juventus, Barcelona និង Real Madrid នៅតែបន្តប្តេជ្ញាចិត្តចំពោះEuropean Super League នេះ ហើយកាលពីសប្តាហ៍មុនបានការពារការចូលរួមរបស់ពួកគេនៅក្នុងលីគផ្តាច់ព្រ័ត្រចំពោះអ្វីដែលពួកគេហៅថា ការគំរាមកំហែងពី Uefa ។ ប៉ុន្តែសម្ពាធកំពុងតែកើនឡើងនៅលើក្លិប Serie A របស់ Juventus ដើម្បីដកខ្លួនចេញ។
ប្រធានសហព័ន្ធអុីតាលីលោក Gabriele Gravina បានបន្ថែមថា “យើងទាំងអស់គ្នានឿយហត់នឹងសង្គ្រាមដណ្តើមគ្នារវាង UEFA និងក្លិបទាំង៣នេះ។ ខ្ញុំសង្ឃឹមថាជម្លោះនេះអាចត្រូវបានដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសង្ឃឹមថានឹងអាចសម្រុះសម្រួលរវាង Juventus និង Uefa” ។
លោក Gabriele Gravina បានបញ្ជាក់ថា “ច្បាប់មើលឃើញជាមុននូវការមិនចូលរួមក្នុងជើងឯករបស់យើងប្រសិនបើគោលការណ៍ដែលបង្កើតឡើងដោយសហព័ន្ធ និង UEFA មិនត្រូវបានទទួលយកទេ។វាមិនល្អសម្រាប់បាល់ទាត់អន្តរជាតិបាល់ទាត់អុីតាលី Juventus ទេ យើងបាននិយាយរួចហើយថាសមាគមកីឡាបាល់ទាត់គោរពច្បាប់ ។
European Super League ត្រូវបានប្រកាសកាលពីថ្ងៃទី១៨ ខែមេសាប៉ុន្តែក្នុងរយៈពេល៤៨ម៉ោងផែនការបានធ្លាក់ចុះ ស្របពេលក្លិបនៅអង់គ្លេសបានដកខ្លួនចេញបន្ទាប់ពីការតវ៉ារបស់អ្នកគាំទ្រនិងសម្ពាធពីរដ្ឋាភិបាលអង់គ្លេស។ ក្លិបទាំង៩ដែលបានដកខ្លួនចេញពីការប្រកួតនេះត្រូវបានដាក់ពិន័យផ្នែកហិរញ្ញវត្ថុពី UEFA ផងដែរ។
គួរបញ្ជាក់ថា ក្លិបដែលមានបំណងចូលរួមក្របខ័ណ្ឌ European Super League ដូចជាក្រុម Manchester United, Manchester City, Liverpool, Chelsea, Tottenham និង Arsenal រួមជាមួយ AC Milan, Inter Milan និង Atletico Madrid ក៏បានប្តេជ្ញាចិត្តដល់គណៈគ្រប់គ្រងអឺរ៉ុប និងការប្រកួតប្រជែងរបស់ខ្លួនផងដែរ។ពួកគេបានព្រមព្រៀងចូលរួមវិភាគទានសុច្ឆន្ទៈបញ្ចូលគ្នា១៥មុឺនអឺរ៉ូ (១៣,៤លានដុល្លារ) ដើម្បីផ្តល់ផលប្រយោជន៍ដល់បាល់ទាត់កុមារ និងបាល់ទាត់មានមូលដ្ឋាននៅទូទាំងទ្វីបអឺរ៉ុប ៕
ដោយ៖ ភារៈ