ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ចំនួន០៨នាក់ ដឹកនាំដោយលោកអនុសេនីយឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក ឯម ភា នាយរងខណ្ឌ និងរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម នៅវេលាម៉ោង២រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបេីកប្រតិបត្តិការបង្រ្កាបចាប់ឃាត់រថយន្តចំនួន ០២គ្រឿង និងមនុស្សចំនួន០៤នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាម ដោយគ្មានលិខិតអនុញ្ញាតច្បាប់ ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AD-៥៩៧៤ ម្ចាស់ឈ្មោះ ១/ឈ្មោះ ឈិន ជិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិ- ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ និង២/ឈ្មោះ ពេជ្រ លី ប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិ- ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
ចំណែករថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ២Q-៨៦៦៤ ម្ចាស់ឈ្មោះ ១/ឈ្មោះ តឹក សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ២/ឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ក្រោយប្រតិបត្តការរួចវត្ថុតាង កូនគ្រែងឈាមបានចំនួន៦០០០គីឡូក្រាម ត្រូវបានក្រុមការងារយកទៅប្រលែងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុវិញ។
បច្ចុប្បន្ន កម្លាំងជលផលបានឲ្យអ្នកដឹកជញ្ជូនទាំង ៤នាក់ខាងលើនេះធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីឲ្យម្ចាស់កូនគ្រែង ចូលខ្លួនមកដោះស្រាយ តាមនីតិវិធីច្បាប់៕ដោយ៖សហការី