ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ស្រុកព្រៃនប់​ ចាប់រថយន្ត​០២​គ្រឿង ​និង​ឃាត់ខ្លួនមនុស្ស០៤​នាក់​ ពី​បទ​លួច​ដឹក​កូន​គ្រែង​ឈាម​ខុសច្បាប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់​ ចំនួន០៨នាក់ ដឹកនាំដោយលោកអនុសេនីយឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ លោក ឯម ភា នាយរងខណ្ឌ និងរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម នៅវេលាម៉ោង២រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ​ បានបេីកប្រតិបត្តិការបង្រ្កាប​ចាប់ឃាត់រថយន្តចំនួន ០២គ្រឿង និងមនុស្សចំនួន០៤នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាម​ ដោយគ្មានលិខិតអនុញ្ញាតច្បាប់ ស្ថិតនៅចំណុចភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ បានឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AD-៥៩៧៤ ម្ចាស់ឈ្មោះ ១/ឈ្មោះ ឈិន ជិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិ- ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។​ និង២/ឈ្មោះ ពេជ្រ លី ប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ ទីលំនៅភូមិ- ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

ចំណែក​រថយន្តមួយគ្រឿងទៀតម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ២Q-៨៦៦៤ ម្ចាស់ឈ្មោះ ១/ឈ្មោះ តឹក សុខុម ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរអាជីវករ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ២/ឈ្មោះ ម៉េង សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៍មានពី​មន្រ្តីកងរាជអាវុធហត្ថ​ស្រុក​ បានឲ្យដឹងថា​ ក្រោយប្រតិបត្តការ​រួចវត្ថុតាង កូនគ្រែងឈាម​បានចំនួន៦០០០គីឡូក្រាម ត្រូវបានក្រុមការងារយកទៅប្រលែងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុវិញ។

បច្ចុប្បន្ន កម្លាំងជលផលបានឲ្យអ្នកដឹកជញ្ជូនទាំង​ ៤នាក់ខាងលើនេះធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីឲ្យម្ចាស់កូនគ្រែង ចូលខ្លួនមកដោះស្រាយ​ តាមនីតិវិធីច្បាប់​៕ដោយ​៖សហការី​


ចែករំលែក៖