ការវាយប្រហារគ្នារវាងអុីស្រាអែល និងប៉ាឡេស្ទីន មានអ្នកស្លាប់និងរបួសកើតឡើងជាបន្តបន្ទាប់ ។ អង្គការសហប្រជាជាតិព្រមានថាសង្គ្រាមជាទ្រង់ទ្រាយធំ អាចនឹងកើតឡើងបង្កឲ្យមានសោកនាដកម្ម ពលរដ្ឋរងគ្រោះកាន់តែច្រើន។
នៅថ្ងៃទី១២ខែឧសភា ការវាយប្រហារគ្នាកាន់តែខ្លាំង ដោយមានរ៉ុក្កែតរាប់រយគ្រាប់វាយប្រហារគ្នាទៅវិញទៅមក។ អុីស្រាអែលបានបើកការវាយប្រហារទៅលើគោលដៅសំខាន់ៗនៅ ហ្គាហ្សា ជាការតបតទៅនឹងរ៉ុក្កែតជាង ១០០០គ្រាប់ដែលកម្លាំងហាម៉ាស់នៅហ្គាហ្សា បាញ់ប្រហារទៅលើអុីស្រាអែលចាប់តាំងពីថ្ងៃទី៩ខែឧសភា។
ក្រសួងសុខាភិបាលហាម៉ាស នៅហ្គាហ្សា បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារពីអុីស្រាអែល កើនឡើងដល់ទៅ៥៣នាក់ហើយ ក្នុងនោះមានកុមារ ១៥នាក់ និងរបួស៣២០នាក់។ ការវាយប្រហារពីអុីស្រាអែលក៏បានសម្លាប់មេបញ្ជាការ ក្រុមហាម៉ាសនៅហ្គាហ្សា គឺលោក Bassem Issa ។
ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងការពារអុីស្រាអែល បានប្រកាសថា ក្នុងប្រទេសអុីស្រាអែល មានមនុស្ស ៥នាក់ស្លាប់ ដោយការវាយប្រហារ ពីក្រុមហាម៉ាស់ដោយរ៉ុក្កែត និងរបួសជាង ២០០នាក់ ។
អំពើហិង្សាកើតឡើងក្រោយពេល មានការប៉ះទង្គិចគ្នារវាង ពលរដ្ឋប៉ាឡេស្ទីននិងកម្លាំងប៉ូលិសអុីស្រាអែលនៅជិតព្រះវិហារអ៊ិស្លាម។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សា ដោយអំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ បញ្ជៀសហេតុការណ៍អាក្រក់កើតឡើង៕ដោយ៖ ធីរីណា
រូបភាព៖ CNN