ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ី​៖​ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​​នឹង​កូវី​ដ​-១៩​ បានបញ្ជូនជំនួយ​ម៉ាស៊ីន​បន្សុទ្ធ​អុកស៊ីសែន​ទៅកាន់​ឥណ្ឌា

ចែករំលែក៖

អន្តរជាតិ​​៖​ រដ្ឋាភិបាលឥណ្ឌូនេស៊ី បន្ទាប់ពី​មេីលឃេីញ​ប្រទេសឥណ្ឌា ដែល​កំពុង​តស៊ូ​នឹង​ការផ្ទុះ​ជំងឺ​ឆ្លង​កូវី​ដ​-១៩​ ​នៅ​រលក​ទី​២​ដ៏​អាក្រក់​បំផុត​ បានសម្រេចបញ្ជូន​ជំនួយម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​អុកស៊ីសែន​ចំនួន​២០០​ទៅកាន់​ប្រទេស​មួយនេះ។

​ជាក់ស្ដែង​បេីតាមការ​លេីក​ឡេី​ងរបស់រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី​ រ៉េតណូ ម៉ារស៊ូឌី បាន​និយាយថា ជំនួយ​មនុស្សធម៌​នេះ​ជា​ការបង្ហាញ​សាមគ្គីភាព​របស់​ឥណ្ឌូនេស៊ី​ជាមួយ​ឥណ្ឌា ដែល​ជា​មិត្ត​យូរលង់​ដ៏​ជិតស្និទ្ធ​និង​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅក្នុង​ការប្រយុទ្ធប្រឆាំង​​នឹង​កូវី​ដ​១៩​។​

​បន្ថែមពីនេះ​​ លោកស្រី​ រ៉េតណូ ម៉ារស៊ូឌី ក៏បាន​កត់សំគាល់ថា ពេញ​រយៈពេល​ផ្ទុះ​ជំងឺឆ្លង​នេះ ឥណ្ឌា​បាន​ផ្តល់​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ចាំបាច់​ខ្លាំង​ដល់​ឥណ្ឌូនេស៊ី និង​គាំទ្រ​ការស្វែងរក​វ៉ាក់សាំង​ក្រោម​គំរោង​ពហុភាគី​ ​Covax​។​

​សូមជម្រាបថា​ ក្រោមគំរោង​ពហុភាគី​​ ​Covax ឥណ្ឌូនេស៊ី​ បានទទួល​វ៉ាក់សាំង​កូវី​ដ​-១៩​ ​ចំនួន​៦,៤១​លាន​ដូស របស់​ក្រុម​AstraZeneca​ ដែល​ផលិត​នៅ​ប្រទេសឥណ្ឌា​ផងដែរ​។

​គួរបញ្ជាក់ថា​ កាលពីថ្ងៃពុធ​ទី១២​ ខែឧសភាម្សិលមិញនេះ​ ឥណ្ឌា​ បាន​រាយការណ៍​ថា​ រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ថ្មី​ ចំនួន ៣៤៨.៤២១​នាក់ និង​អ្នកជំងឺ​កូវី​ដ​ចំនួន​៤.២០៥​នាក់​ទៀត​បាន​ស្លាប់​។​ខណៈ​ចំនួន​នេះ​ធ្វើឲ្យ​ឥណ្ឌា​ មាន​អ្នក​ឆ្លង​ជំងឺ​សរុប​ឡើង​ដល់​ជាង​២៣​លាន​​នាក់ និង​អ្នកជំងឺស្លាប់​ ជាង​២៥០.០០០​នាក់​​៕ដោយ​៖ស​ តារា​


ចែករំលែក៖