ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមេខ្យល់​២​នាក់កំពុងដឹក​ពលករ១០នាក់ឆ្លងដែន​ទៅថៃ​ខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​បានឃាត់ខ្លួន​មេខ្យល់​ចំនួន​០២​នាក់ ដែល​សកម្ម​ក្នុង​ការ​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់។

 ប្រតិបត្តិការនេះធ្វើឡើង នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១​នេះ ខណ:ដែល​ពួក​គេ​កំពុង​ដឹកនាំ​ពលករ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ចំនួន​១០​នាក់ ត្រង់​ចំនុច​ភូមិសាស្ត្រ អូរ​ព្រំដែន ភូមិ​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក ឧត្តមសេនីយ៍ ត្រី ជឹ​ម ប៊ុ​ន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ។ 

 លោក​វរសេនីយ៍ឯក រិ​ទ្ធ រ៉​ម មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ បានឲ្យដឹងថា លោកទទួលបញ្ជាពីលោកមេបញ្ជាការ ដឹកនាំ​កម្លាំង​ល្បាត​តាមព្រំដែនជាប់​ជា​ប្រចាំ​ដោយ​ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង និងប្តូរ​វេន​គ្នា សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​កម្លាំង​ផ្នែក​សឹក​រង​ម៉ា​ឡៃ ផ្នែក​សឹក​រង​ប៉ោយ​ប៉ែ​ត និង​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍ ។

ជាក់ស្តែង វេលា​ម៉ោង​១២និង៣០​នាទី យប់រំលងអធ្រាត្រឈានចូល ថៃ្ង​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​របស់លោកដើរ​ល្បាត​ក៏​ជួប​មេខ្យល់​ចំនួន​០២​នាក់ បម្រុង​នាំ​ពលករ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ឃាត់ខ្លួន​បានទាំង២នាក់និងពលករ១០នាក់ក្នុង​នោះ​មានស្រី​ចំនួន​០៥​នាក់ផង។

លោកបានបន្ថែមថា មេខ្យល់​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១ ឈ្មោះ វណ្ណ​: វណ្ណ ភេទ ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ តា​គ្រី ឃុំ​គ្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង និង​ទី​២ ឈ្មោះ អៀន ហ៊េ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ ជ្រៃ ឃុំ បឹង​បេង ស្រុក​ម៉ា​ឡៃ។

បច្ចុប្បន្ន​ពួក​គាត់​ទាំង​ពីរ​នាក់​កំពុង​ត្រូវ​បាន​ឃុំខ្លួន ដើម្បី​សួរ​ចម្លើយ​នៅ ស្នាក់​ការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ ។

ចំណែកឯ​ពលករ​ទាំង១០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ម៉ា​ឡៃ នៅថ្ងៃនេះផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖