បេក្ខភាពបវរកញ្ញាចក្រវាឡមីយ៉ាន់ម៉ា នាង Thuzar Wint Lwin កាលពីថ្ងៃទី ១៦ខែឧសភា បានអំពាវនាវដល់ពិភពលោកជួយទប់ស្កាត់ការបង្កហិង្សាទៅលើពលរដ្ឋដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ។នាង Thuzar បានបញ្ជាក់ថា«ពលរដ្ឋរបស់យើងបានស្លាប់ជារៀងរាល់ថ្ងៃ»។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីប្រឡងផ្តាច់ព្រ័ត្រ បវរកញ្ញាចក្រវាឡនៅក្នុងសណ្ឋាគារ Seminole Hard Rock នៅ Hollywood រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ បេក្ខភាពបវរកញ្ញាមីយ៉ាន់ម៉ា នាង Thuzar បានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់មនុស្សគ្រប់គ្នាមេត្តាជួយបញ្ចេញមតិសម្រាប់មីយ៉ាន់ម៉ា។ ក្នុងនាមខ្ញុំជាបវរកញ្ញាចក្រវាឡមីយ៉ាន់ម៉ា ខ្ញុំបានលើកឡើងជាច្រើនស្តីពីការរងទុក្ខរបស់ពលរដ្ឋ ក្រោយការធ្វើរដ្ឋប្រហារ»។
តាមតួលេខថ្មីបំផុត មានពលរដ្ឋមីយ៉ាន់ម៉ា ដល់ទៅ៥០០០នាក់ត្រូវយោធាចាប់ខ្លួនក្នុងនោះមាន ៤០០០នាក់នៅឃុំខ្លួននៅឡើយទេ។
បវរកញ្ញាមីយ៉ាន់ម៉ា នាង Thuzar Wint Lwin ដែលស្ថិតក្នុងចំណោម កញ្ញា២១រូប និងពានរង្វាន់ Best National Costume (សម្លៀកបំពាក់ជាតិ) ល្អផ្តាច់គេ បានទាញយកវេទិកាបវរកញ្ញាចក្រវាឡ (Miss Universe) ឆ្នាំ ២០២០ ដែលទើបតែបញ្ចប់ការប្រកួតប្រជែង កាលពីថ្ងៃទី ១៦ ខែឧសភា ម្សិលមិញនេះ ដោយមានបេក្ខនារីមកពី៧៤ប្រទេស និងដែនដី បានដង្ហោយហៅពិភពលោកឱ្យជួយប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងទទួលរងនូវការបង្រ្កាបដោយបង្ហូរឈាម ដោយការបាញ់ប្រហារ ពីសំណាក់កងយោធាមីយ៉ាន់ម៉ា និងនៅតែបន្តបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមបាតុករដោយសន្តិវិធី ។
បវរកញ្ញា Thuzar Wint Lwin ជាមួយឈុតតំណាងជាតិ ដោយក្នុងដៃលើកបដា «Pray For Myanmar» ដើម្បីបង្ហាញអំពីវិបត្តិដ៏ធ្ងន់ធ្ងរក្នុងប្រទេសកំណើតរបស់នាង ។ បវរកញ្ញា Thuzar Wint Lwin បាននិយាយថា «ប្រជាជនរបស់យើងជិតស្លាប់អស់ហើយ ។ ដោយត្រូវបានបាញ់សម្លាប់ ជារៀងរាល់ថ្ងៃ ដោយក្រុមយោធា ។
ពលរដ្ឋមីយ៉ាន់ម៉ាបន្តតវ៉ាប្រឆាំងនឹងការកាន់កាប់របស់យោធាដែលមកទល់ពេលនេះមានជនស៊ីវិល ៧៨៨នាក់បានស្លាប់រួមទាំងកុមារ ៥២នាក់ផងដែរ ៕ដោយ៖ ធីរីណា
រូបភាព ៖ CNN