ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានធ្វើការបង្រ្កាប និងឃាត់ទូកអ្នកល្មើសទៅនឹងការហាមឃាត់ក្នុងរដូវបិទនេសាទដល់ទៅជាង២០០នាក់ ព្រមទាំងទូកជាច្រើនគ្រឿងទៀត ខណៈរដូវបិទនេសាទតាមដង ទន្លេមេគង្គភូមិសាស្ត្រខេត្តស្ទឹងត្រែងរយៈពេលកន្លះខែដើមរដូវកាលនេះ។
ជាក់ស្ដែងបេីតាមនាយរងខណ្ឌរដ្ឋបាលជលផលខេត្ត លោក វង្ស សាវឿន បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កាលពីពេលថ្មីៗនេះ ខណ្ឌរដ្ឋបាលជលផល បានជូនដំណឹងដល់ ប្រជានេសាទទាំងអស់រួចមកហើយ តាមរយៈការផ្សព្វផ្សាយដោយផ្ទាល់ និងឧឃោសនសព្ទ ដោយមិន អនុញ្ញាត្តិឲ្យធ្វើនេសាទ ដែលប្រើឧបករណ៍ល្មើសច្បាប់ហាមឃាត់ទេ គឺដើម្បីការពារ និងអភិរក្សត្រី មេ ពូជក្នុងកំឡុងពេលពងកូនតាមបែបធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែង។
លោក វង្ស សាវឿន បន្តថា ក្រុមឆ្មាំទន្លេ បានធ្វើការដកហូតឧបករណ៍នេសាទ ដែលអ្នកនេសាទដាក់នៅក្នុងអន្លង់អភិរក្សចំណុចតំបន់អភិរក្ស និងដកហូត បាននូវឧបករណ៍នេសាទជាច្រើនមានមងបណ្តែតជាដើម ។ បន្ថែមពីនេះ លោកនាយរងខណ្ឌ ក៏បានសំណូមពរឲ្យបងប្អូនប្រជានេសាទទាំងអស់បញ្ឈប់ជាបន្ទាន់នូវ ការប្រើឧបករណ៍ ខុសច្បាប់ ដូចជាឆក់ប្រើថ្នាំបំពុល និងគ្រឿងផ្ទុះ ដែលនាំឱ្យបាត់បង់ និងផុតពូជដល់ធនធានជលផល ក៏ដូចជាត្រីមេពូជ ។
ដោយឡែកបើយោងតាមរបាយការណ៍មន្រ្តីជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ក៏បានបង្ហាញថា យុទ្ធនាការហាម ឃាត់ក្នុងរដូវបិទនេសាទមន្ត្រីជំនាញបានផ្សព្វផ្សាយអបរំ ណែនាំប្រជានេសាទ ដែលនេសាទដោយប្រើឧបករណ៍មងបណ្តែត ក្នុងរដូវបិទនេសាទចំនួន ២១០នាក់។ ដោយបានព្រមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរចំពោះអ្នកនេសាទ ដែលនៅតែបន្តនេសាទនៅក្នុងរដូវបិទនេសាទចំនួន១០៣នាក់ និងធ្វើកិច្ចសន្យាចំពោះអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់ចំនួន ១២នាក់។
លើសពីនេះរដ្ឋបាលខណ្ឌជលផល ក៏បានដកហូតមងបណ្តែត ដែលលួចនេសាទនៅក្នុងរដូវបិទនេសាទ និងតំបន់អភិរក្សសត្វផ្សោត បានប្រវែងប្រមាណ ៣.១៧០ម៉ែត្រ និងសន្ទូចរនងចំនួន ៤២០ផ្លែ, រឹបអូសស្បៃមុងប្រវែង ២០០ម៉ែត្រ, លបប្រើស១០០ ប្រវែង ១៨០ម៉ែត្រ និងសាច់អួនប្រវែង ១៥០ម៉ែត្រ។
គួរជម្រាបដែរថា ខេត្តស្ទឹងត្រែងមានទន្លេ៤ហូរកាត់៖ គឺ ទន្លេស្រែពក, ទន្លេសេសាន, ទន្លេសេកុង និងទន្លេមេគង្គ។ ដោយទន្លេទាំងនេះ ជាតំបន់ អន្លង់ជ្រៅ ដែលជាជង្រុក និងជាជម្រករបស់ត្រីមេពូជដ៏សំខាន់។
សូមរម្លឹកថា កាលពីកន្លងទៅ សម្រាប់តំបន់ខេត្តស្ទឹងត្រែងខណ្ឌរដ្ឋបាលជលផលបានប្រកាសថា ការបិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ ប៉ុន្តែទោះបីជានៅក្នុងកំឡុងពេលបិទរដូវនេសាទក៏ដោយ បងប្អូនប្រជានេសាទក៏នៅតែអាច ធ្វើការនេសាទបាន ដោយប្រើឧបករណ៍នេសាទជាលក្ខណៈ គ្រួសារមានដូចជាសៃយ៉ឺន លប សំណាញ់ សន្ទូច ផ្លែ មួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែង ដងត្រី និង ឧបករណ៍ មួយចំនួនទៀតផងដែរ។
ជុំវិញបញ្ហានេះដែរ រដ្ឋបាលខណ្ឌជលផលខេត្ត មានទាំងធ្វើការផ្សព្វផ្សាយពីរដូវបិទនេសាទ ឲ្យបានជ្រួតជ្រាបដល់គ្រប់សហគមន៍ទាំងអស់តាមវិទ្យុ ផ្សាយតាមមេក្រូ ខិតប័ណ្ណ បណ្តាញទំនាក់ទំនងសង្គម និងជួបផ្ទាល់តាមខ្នងផ្ទះ ។ល។៕ដោយ៖សហការី