អន្តរជាតិ៖ ព្យុះតូកទេ( Tauktae) ដ៏ធំមួយ បានវាយប្រហារប្រទេសឥណ្ឌា ជាមួយនឹងខ្យល់ខ្លាំងនិងការធ្លាក់ភ្លៀងយ៉ាងជោគជាំ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២០នាក់ និងរំខានដល់យុទ្ធនាការចាក់វ៉ាក់សាំងដែលប្រទេសនេះត្រូវការបន្ទាន់ដើម្បីគ្រប់គ្រងការរីរាលដាល នៃជំងឺឆ្លងកូវីដ-១៩។
ជាក់ស្ដែងព្យុះតូកទេ( Tauktae) នៅថ្ងៃអង្គារទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានវាយប្រហារតំបន់ធំៗរបស់ប្រទេសអាស៊ីខាងត្បូងនេះ ដោយបញ្ជូនរលកធំៗបោកឆ្នេរ និងប្រែក្លាយបណ្តាដងវិថីទៅជាទន្លេ ហើយបង្ខំមនុស្សរាប់សែននាក់ឲ្យភៀសខ្លួនចេញ។ បន្ទាប់ពីប្រព័ន្ធខ្យល់កួចដ៏ធំមហិមានេះ បានឆក់យកជីវិតមនុស្សនៅរដ្ឋកេរ៉ាឡា រដ្ឋហ្កាវ រដ្ឋមហារ៉ាស្ត្រា និងហ្គូចារ៉ាត នៅពេលខ្យល់បក់បំប៉ើងផ្ទះ រំលំដើមឈើនិងបង្គោលភ្លើង។
ជាមួយគ្នានេះ អាជ្ញាធរក្រុងមុំបៃ ក៏បានប្រកាសបិទអាកាសយានដ្ឋាន ដោយអំពាវនាវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះក្នុងអាគារ ជម្លៀសអ្នកជំងឺកូវីដ-១៩ ប្រមាណ៦០០នាក់ពីមន្ទីរពេទ្យកណ្តាលវាលមួយទៅកាន់ទីតាំងមានសុវត្ថិភាពជាង នៅពេលរលកសមុទ្រកំពស់៣ម៉ែត្រវាយប្រហារឆ្នេរ។ ទន្ទឹមនឹងនេះ នាវាទ័ពជើងទឹក២គ្រឿង ត្រូវបានបញ្ចូនទៅជួយប្រតិបត្តិការស្វែងរកនិងសង្គ្រោះនៅពេលនាវាមួយជាមួយមនុស្ស២៧៣នាក់បានរសាត់អណ្តែតតាមកម្លាំងខ្យល់និងរលកនៅឯនាយឆ្នេរក្រុមមុំបៃ។គេបានស្រង់មនុសកស២៨នាក់ពីទឹកសមុទ្រតាំងពីមុនមក។
គួរជម្រាបថា កាលពីថ្ងៃចន្ទទី១៧ ខែឧសភាម្សិលមិញនេះ ព្យុះTauktae ក៏បានចូលមកដល់រដ្ឋហ្គូចារ៉ាតផងដែរ។ ក្នុងនាមជាព្យុះស៊ីក្លូនខ្លាំងបំផុតមួយ ជាមួយនឹងល្បឿនខ្យល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយឡែកជុំវិញករណីនេះដែរ អភិបាលរដ្ឋមួយនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា មន្ទីរពេទ្យជាង១.០០០នាក់នៅក្នុងទីប្រជុំជនតាមឆ្នេរ ត្រូវបានផ្តល់ម៉ាស៊ីនភ្លើងដើម្បីដំណើរការការងារព្យាបាលថែទាំអ្នកជំងឺ
គួរបញ្ជាក់ថា មនុស្សប្រមាណ២០០.០០០នាក់ ត្រូវបានជម្លៀសចេញពីព្យុះនៅរដ្ឋហ្គូចារ៉ាត កន្លែងដែលអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យទាំងអស់នៅចម្ងា៥គីឡូម៉ែត្រពីឆ្នេរ ត្រូវបានជម្លៀសចេញ។អាជ្ញាធរក៏កំពុងប្រឈមដោះស្រាយការដាច់ចរន្តអគ្គិសនីនៅមន្ទីរពេទ្យដាក់អ្នកកូវីដ១៩ជិត៤០០ និងរោងចក្រផលិតអុកស៊ីសែន៤១៕ដោយ៖ស តារា