ខេត្តកណ្តាល៖ រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និង អតិថិជនទាំងអស់ដែលចេញចូលផ្សារព្រែកគល់ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ មេត្តាជ្រាបថា៖ ក្នុងផ្សារព្រែកគល់ មានអាជីវករបានជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១- និងបានធ្វើតេស្តយក សំណាកឃើញវិជ្ជមានកូវីដ-១៩ ដែលស្ថានភាពនេះអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឱ្យបារម្ភ និងចាំបាច់ត្រូវមាន វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ ចំពោះមុខ រដ្ឋបាលស្រុក សូមផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារព្រែកគល់ ក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ដោយគិតចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រហូត ដល់មានការជូនដំណឹងសារជាថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ទៅដល់បងប្អូន អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើ។
ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនអាជីវករ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំង ប្រជាពលរដ្ឋដែលធ្លាប់បានចេញ ចូលផ្សារខាងលើនៅថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បើ មានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានអាការៈសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយក សំណាកតេស្ដរក៏មេរោគកូវីដ-១៩ ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត។ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថាបងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារព្រែកគល់ដែល មានផ្ទុកមេរោគកូវីដ-១៩ នោះអាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះ ចូលប្រកបអាជីវកម្មលក់ដូរឡើយ។
រដ្ឋបាលស្រុកកោះធំ សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ជាពិសេសអាជីវកទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារព្រែកគល់មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តតាមសេចក្តីជូន ដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា