ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ស្នើឲ្យអភិបាលខេត្តជាប់ព្រំដែន ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីវៀតណាម,​ ខណៈ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះឡើងជាថ្មីនៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។

បេីយោង​តាមការបញ្ជាក់នៅក្នុងលិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។

លោក វេង សាខុន​ បន្តថា ជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាម លើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាលដាល យ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តកៀនយ៉ាងជាប់ខេត្តកំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រីរូបនេះ​ បានសង្កត់ធ្ងន់ថា៖ «ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ ពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូក ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាពសាធារណៈនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕ដោយ​៖សហការី​

រូបថត​៖ឯកសារ​


ចែករំលែក៖