ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២០ថ្ងៃ! ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម​ បានជាង ៧៥ម៉ឺននាក់, ខណៈ​ដូសទី២ ចាក់បានជាង ១៩ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ​៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ រយៈពេល២០ថ្ងៃកន្លងមកនេះ​ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជាង ៧៥ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ១៩ម៉ឺននាក់។​ ក្នុង​ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តទាំងដូសទី១ និងដូសទី២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ។

ជាក់ស្ដែង​នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ​២០២១​ យោងតាមរបាយការណ៍របស់ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ​ បានបង្ហាញថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម រយៈពេល ២០ថ្ងៃកន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៧៥៣,៤០៩នាក់ ស្រី ៤០៦,១៧១នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ១៩១,៣០១នាក់ ស្រី ៩១,៨៦៥នាក់។

តំបន់ក្រហមដែលកងទ័ពកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះ រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។

បេីតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់​ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ កំពុងបន្តដំណើរការល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។

បើទោះបីក្រុមការងារកំពុងដំណើរការចាក់ដូសទី២ តែដូសទី១ នៅតែបន្តជាធម្មតាផងដែរ។ របាយការណ៍បានបង្ហាញថា នៅថ្ងៃទី២០ ខែឧសភា ការចាក់ដូសទី១ គឺចាក់បាន ១១,៦១១នាក់។ ជាការកត់សម្គាល់ការចាក់ដូសទី១ នៅតំបន់ក្រហមនៅតែមានចំនួនច្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ទិន្នន័យអ្នកចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនៅខណ្ឌពោធិ៍សែនជ័យ ដង្កោ កំបូល និងមានជ័យ ពីដំបូងមានត្រឹមជាង ៥០ម៉ឺននាក់នោះ មកដល់ពេលនេះ ការចាក់កើនឡើងរហូតដល់ជាង ៧០ម៉ឺននាក់។ ទិន្នន័យនេះ គឺកើនជាង ២០ម៉ឺននាក់ បើធៀបនឹងទិន្នន័យផ្តល់ដោយអាជ្ញាធររាជធានីភ្នំពេញពីដំបូងនោះ។

ជាមួយដំណើរការចាក់វ៉ាក់សាំងនេះដែរ នាយឧត្តមសេនីយ៍ បន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ពិនិត្យពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូសទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។

ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។

លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងបណ្តោះអាសន្នឱ្យបានត្រឹមត្រូវ កុំឱ្យបាត់បង់ ឬរហែក ដើម្បីទុកប្តូរយកបណ្ណចាក់វ៉ាក់សាំង ដែលក្រុមការងារកំពុងផលិត។ ដោយឡែកអ្នកដែលទទួលបានបណ្ណចាក់វ៉ាក់សាំងហើយ ក៏ត្រូវចេះថែរក្សាកុំឱ្យបាត់បង់ ព្រោះអាចមានភាពចាំបាច់ប្រើប្រាស់ទៅថ្ងៃខាងមុខ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ នៅឡើយនោះទៅចូលរួមចាក់វ៉ាក់សាំង ព្រោះក្រុមការងារនៅតែបន្តចាក់ដូសទី១ជូន ហើយសូមចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរតាមវិធានសុខាភិបាលនៅពេលទៅចាក់វ៉ាក់សាំង។

ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២ សុទ្ធតែបានបង្ហាញការរីករាយ និងបានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំង ហើយផ្តល់អាទិភាពចាក់សម្រាប់អ្នកតំបន់ក្រហម។​ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំង ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនពួកគេ។

បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសយ៉ាងណាក្តី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបន្តស្មារតីអនុវត្តវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍សម្តេចតេជោ «៣កុំ ៣ការពារ» ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ-១៩៕ ដោយ​ ៖ សហការី​


ចែករំលែក៖