អន្តរជាតិ៖ បើទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីអាជ្ញធរចិន បានប្រកាសថា៖រកឃើញមានកម្មវិធីប្រមាណជា១០៥ បានធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងប្រើប្រាស់ទិន្នន័យទាំងនោះដោយមិនត្រឹមត្រូវ ពោលគឺប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់។
ជាក់ស្ដែងអាជ្ញាធរចិន បានគូសបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃទាំងនោះមានដូចជា៖ Douyin (TikTok នៅស្រុកចិន) របស់ក្រុមហ៊ុន ByteDance Ltd, Bing, LinkedIn របស់កក្រុមហ៊ុន Microsoft និង App ចំនួន ១០២ផ្សេងទៀត ដែលពួកគេបានប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ ដែលនេះវាផ្ទុយទៅនឹងបំរាមរបស់រដ្ឋាភិបាលចិន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិន បានទុកពេលវេលា១៥ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុន ឬ App ទាំងនោះធ្វើការដោះស្រាយនូវកំហុសទាំងនោះ បើមិនដូច្នេះទេអាជ្ញាធរចិននឹងអនុវត្តតាមផ្លូវច្បាប់។
គួរជម្រាបថា រដ្ឋាភិបាលចិន មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា បានចាប់ផ្ដើមរឹតត្បិត និងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងស្រុក និងបរទេស ដោយក្នុងនោះគឺ បានយកចិត្តទុកដាក់បំផុតទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
បន្ថែមពីនេះ រដ្ឋាភិបាលចិន នៅមុននេះបានបញ្ជាឱ្យក្រុមហ៊ុន Tencent Holdings និង Alibaba Group Holding បញ្ឈប់សកម្មភាពប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទាំងដែល ក្រុមហ៊ុនទាំងពីរនេះមិនបានសារភាពថាពួកគេបានប្រព្រឹត្តនោះទេ ជាពិសេស Alibaba ត្រូវបានផាកពិន័យជាប្រាក់ ២.៨ពាន់លានដុល្លារអាមេរិក ពីបទរំលោភលើច្បាប់ប្រកួតប្រជែង (ច្បាប់ផ្ដាច់ការ) ៕ដោយ៖ស តារា
រូបថត៖ Alamy