ព័ត៌មានទាន់ហេតុការណ៍៖

FIFA ពិចារណារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរស និងនារីរៀងរាល់២ឆ្នាំម្តង

ចែករំលែក៖

អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA) នឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ទាំងបុរស និងនារីរៀងរាល់២ឆ្នាំម្តងជំនួសឱ្យការប្រកួតរៀងរាល់៤ឆ្នាំម្តង។

សំណើនេះក៏ត្រូវបានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) បានទទួលការគាំទ្រនៅក្នុងសមាជប្រចាំឆ្នាំរបស់ FIFA ផងដែរ។ ការសិក្សានេះក៏នឹងពិនិត្យមើលការប្រកួតជម្រុះសម្រាប់ការប្រកួតទាំងអស់ផងដែរ។

លោក Yasser Al-Misehal ប្រធាន SAFF បានមានប្រសាសន៍ថា “យើងជឿជាក់ថាអនាគតនៃបាល់ទាត់គឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ។ បញ្ហាជាច្រើនដែលបាល់ទាត់បានជួបប្រទះឥឡូវកាន់តែធ្ងន់ធ្ងរទៅៗដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ វាចាំបាច់ក្នុងការពិនិត្យឡើងវិញនូវរបៀបដែលការប្រកួតជាសកលត្រូវបានរៀបចំឡើងដែលគួរតែរាប់បញ្ចូលថា តើ៤ឆ្នាំម្តងនៅពេលបច្ចុប្បន្ននៅតែជាមូលដ្ឋានល្អបំផុតសម្រាប់ការគ្រប់គ្រងបាល់ទាត់ទាំងពីការប្រកួតប្រជែង និងទស្សនវិស័យពាណិជ្ជកម្មក៏ដូចជាការអភិវឌ្ឍបាល់ទាត់ទូទៅ?

លោកបន្តថា “ការមានការប្រកួតប្រជែងក្នុងក្រុមជម្រើសជាតិដែលមានអត្ថន័យតិចជាងនេះអាចដោះស្រាយនូវក្តីកង្វល់ទាក់ទងនឹងសុខមាលភាពកីឡាករ ខណៈពេលដំណាលគ្នានឹងបង្កើនគុណតម្លៃ និងគុណប្រយោជន៍នៃការប្រកួតបែបនេះ”។

ប្រធានសហព័ន្ធ FIFA លោក Gianni Infantino បានហៅការពិចារណានេះថាជា “សំណើរដ៏ថ្លៃថ្លានិងលម្អិត” ដោយសហព័ន្ធជាតិចំនួន១៦៦បោះឆ្នោតគាំទ្រ និងមាន២២សំលេងប្រឆាំង។

គួរបញ្ជាក់ថាការប្រកួតបាល់ទាត់ពិភពលោកធ្វើឡើងរៀងរាល់៤ឆ្នាំម្តងចាប់តាំងពីការប្រកួតបើកឆាកដំបូងកាលពីឆ្នាំ១៩៣០ លើកលែងតែឆ្នាំ១៩៤២ និង ១៩៤៦ ដោយសារតែសង្គ្រាមលោកលើកទី២។ ចំណែកការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីក៏មានរៀងរាល់៤ឆ្នាំផងដែរចាប់តាំងពីបង្កើតឡើងកាលពីឆ្នាំ១៩៩១។ ការផ្លាស់ប្តូរទៅកាលវិភាគ២ឆ្នាំម្តងនឹងជះឥទ្ធិពលដល់ការប្រកួតអន្តរជាតិដទៃទៀតដូចជា ការប្រកួតជើងឯកទ្វីបអឺរ៉ុប(យូរ៉ូ) ដែលនឹងប្រព្រឹត្តទៅរៀងរាល់៤ឆ្នាំម្តងដែរ នៅចន្លោះឆ្នាំនៃការប្រកួត World Cup

ដោយ៖ ភារៈ


ចែករំលែក៖