ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាស្លាប់ម្នាក់និងរបួស២នាក់ក្នុងថ្ងៃតែមួយ

ចែករំលែក៖

       ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងម៉ូតូនឹងម៉ូតូនិងរថយន្តជាមួយនឹងម៉ូតូដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

  យោងតាមសមត្ថកិច្ចបានឱ្យដឹងថាករណីទី១កើតឡើងកាលពីវេលា​ម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ស្ថិតនៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក ហុងដាសេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ស្វាយរៀង ១G-៦៤៦៧បើកបរដោយឈ្មោះ យ៉េន ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ក្នុងទិសដៅបញ្ច្រាសគ្នាជ្រុលទៅបុកជាមួយម៉ូតូម៉ាកអុិចស្ទ័រ ពណ៌ខ្មៅលាយខៀវ គ្មានស្លាកលេខ បើក​បរ​ដោយ​ឈ្មោះសឿង ធា ភេទប្រុស អាយុ​២៥ឆ្នាំ និងអ្នករួមដំណើរជាមួយឈ្មោះអ៊ុត សីឡា ភេទ​ប្រុស​ អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

  បុរសឈ្មោះសឿង ធា រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ តែពេលទៅដល់ក៏បានដាច់ខ្យល់ស្លាប់តែម្តង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុ ដោយសារតែអ្អ្នកបើកបរដែលស្លាប់នោះបើកបរមិនប្រកាន់ស្ដាំ។

  ប្រភពបន្តថា ករណីទី២បានកើតឡើងកាលពីវេលា​ម៉ោង​៩​និង​២០​នាទីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២១លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់ចន្លោះ​គីឡូម៉ែត្រ​១៤៤-១៤៥ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងដោយរថយន្ត​ម៉ាក​មីតស៊ុយប៊ី​សុី ពណ៌ស ពាក់ស្លាក​លេខ រដ្ឋ១០ ២៣ បើកបរ​ពី​ទិស​ខាង​កើត​ទៅ​លិច មក​ដល់​កន្លែង​កើត​ហេតុ​បាន​បុក​បង្គោលចំណាំងផ្លាតក្បាលស្ពាននិងបុករបាំងការពារក្បាលស្ពានបណ្ដាលឲ្យក្រឡាប់តែម្ដង។

  ប្រភពបន្តថា អ្នក​បើកបរ​មិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុបានរត់់គេច​បាត់​ខ្លួនបន្សល់តែ(​រថយន្តដោយមិនបង្កឱ្យមានគ្រោះដល់អ្នកដទៃនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា  មូលហេតុ​ដោយសារតែរថយន្ត​បើកបរ​ប្រើ​ប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទើបបង្កករណីខាងលើនេះកើតឡើងបែបនេះ៕

ដោយ៖ យឹម សុថាន

 


ចែករំលែក៖