ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងយោធាចាប់មេខ្យល់នាំពលករលួចឆ្លងដែនទៅប្រទេសថៃ២នាក់ទៀតហើយ

ចែករំលែក៖

  ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការយោធភូមិភាគទី៥ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការលួចនាំពលករឆ្លងដែនក្នុងភូមិសាស្រ្តខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ដើម្បីចាប់ខ្លួនបញ្ជូនឱ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

  ជាក់ស្តែងមេខ្យល់ចំនួន២នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមេខ្យល់ទី១-ឈ្មោះ ពៅ បូរី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  និងមេខ្យល់ទី២-ឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបឹងប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

  មេខ្យល់ត្រូវបានចាប់ខ្លួននៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមជាមួយពលករខ្មែរចំនួន១៦នាក់ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃ។ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំអូរបីជាន់ និងកម្លាំងកងរាជអាវុធហត្ថស្រុកអូរជ្រៅ។

  សូមបញ្ជាក់ថា ចាប់តាំងពីកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩មក បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

  លោកឧត្តមសេនីយ៍ត្រី សិង្ហ ទុំ បានគូសបញ្ជាក់ថា កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយតាមបន្ទាត់ព្រំដែនជាច្រើនចំណុចសហការជាមួយកម្លាំងចម្រុះ ក្នុងគោលបំណងទប់ស្កាត់ឱ្យខាងតែបានការនាំពលករឆ្លងដែនខុសច្បាប់ ដោយកន្លងមកកងកម្លាំងជួរមុខនេះបានឃាត់ពលករឆ្លងចេញ-ចូលជាង១០០០នាក់ និងឃាត់បានមេខ្យល់ជាច្រើននាក់ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖