ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលដាក់គោលដៅបន្ទាប់ពីរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងគឺ ខេត្តកណ្តាល និងខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា គោលដៅចាក់វ៉ាក់សាំងបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តដែលកំពុងមានកម្រិតឆ្លងប្រចាំថ្ងៃខ្ពស់។

លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា ៖ “នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូស បានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញហើយ។ ខ្ញុំសូមជម្រាបជូនថា ក្នុងចំណោមវ៉ាក់សាំងចំនួន ១លានដូសនេះ យើងនឹងផ្តល់ជូនទៅក្រសួងការពារជាតិបន្ថែមទៀត ប្រមាណកន្លះលានដូស សម្រាប់ចាក់បង្គ្រប់ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៨”។ 

ការផ្តល់ជូនបន្ថែមនេះ ព្រោះតែចំនួនប្រជាជនដែលត្រូវចាក់វ៉ាក់សាំងនៅក្នុងខណ្ឌដែលមានហានិភ័យខ្លាំង គឺលើសពីតួលេខរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយមូលហេតុដែលលើសគឺភាគច្រើនដោយសារមានបងប្អូនជាកម្មករ កម្មការិនី មកប្រកបការងារ នៅតាមរោងចក្រ និងសហគ្រាសនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ២៤ម៉ឺននាក់ គឺត្រូវស្មើនឹងតម្រូវការវ៉ាក់សាំងប្រមាណ ៥០ម៉ឺនដូស។ 

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងបន្ថែមផងដែរថា វ៉ាក់សាំងដែលនៅសល់ប្រមាណ៥០ដូសទៀត គឺសម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅខណ្ឌផ្សេងៗទៀតដែលនៅសល់។ 

ដោយឡែក ចំពោះខណ្ឌដែលនឹងត្រូវវេនចាក់បន្តបន្ទាប់នោះអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រីឱ វណ្ណឌីន បានមានប្រសាសន៍ថា ៖ “សូមបងប្អូនប្រជាពលរដ្ឋនៅខណ្ឌទាំង០៦ ដែលនៅសេសសល់មិនទាន់បានចាក់ សូមរងចាំការចេញសេចក្តីណែនាំ ឬសេចក្តីប្រកាសព័ត៌មានពីរដ្ឋបាលរាជធានីភ្នំពេញ។

សូមបងប្អូនកុំព្រួយបារម្ភពីការខ្វះវ៉ាក់សាំងឱ្យសោះ ព្រោះគ.វ.ក១៩ បានរៀបចំផែនការទុកជាមុនរួចហើយ គឺបន្តការចាក់ឱ្យបានគ្រប់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា នឹងស្រោចវ៉ាក់សាំងដល់បងប្អូនកូនក្មួយ ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែខ្ញុំក៏សូមខន្តីអភ័យទោសផងដែរ ដែលមិនអាចចាក់ម្តងបានគ្រប់ខណ្ឌបាន ព្រោះបងប្អូនក៏ដឹងស្រាប់ហើយថា វ៉ាក់សាំងយើងមកដល់ជាបន្តបន្ទាប់ ដូច្នេះការចាក់វ៉ាក់សាំងក៏ចាក់ជាបន្តបន្ទាប់ដូចគ្នា ហើយជម្រើសគឺសម្រាប់ខណ្ឌដែលមានហានិភ័យឆ្លងវីរុសកូវីដ-១៩ ខ្ពស់មុនប៉ុណ្ណោះ”។

សូមបញ្ជាក់ផងដែរ វ៉ាក់សាំងស៊ីណូវ៉ាក់ដែលនៅសល់ចំនួន ៥០ម៉ឺនដូសនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ចាក់នៅខណ្ឌដែលនៅសល់ ដោយ គ.វ.ក១៩ បានត្រៀមក្រុមគ្រូពេទ្យរួចរាល់ហើយ ហើយនឹងចាប់ផ្តើមបើកយុទ្ធនាការបន្តចាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ៖ “នៅក្នុងដំណាក់កាលនេះ យើងផ្តោតទៅលើរាជធានីភ្នំពេញសិន ហើយបើសិនជាគ្មានអ្វីប្រែប្រួលទេ គ.វ.ក១៩ ធានាថា នៅក្នុងខែមិថុនានេះយ៉ាងយូរ យើងនឹងចាក់វ៉ាក់សាំងគ្រប់ចំនួនបងប្អូនប្រជាពលរដ្ឋគោលដៅ ក្នុងរាជធានីភ្នំពេញរួចរាល់ ព្រោះនៅខែមិថុនានេះ វ៉ាក់សាំងក៏នឹងមកដល់បន្តបន្ទាប់ទៀតដែរ បន្ទាប់មកគឺខេត្តដែលមានហានិភ័យឆ្លងខ្ពស់ ហើយសម្រាប់ខេត្តផ្សេងៗទៀត គឺយើងនឹងធ្វើជាបណ្តើរៗរហូតគ្រប់ប្រជាពលរដ្ឋគោលដៅទូទាំងប្រទេស ដែលមានចំនួនប្រមាណ ១០លាននាក់ ហើយដែលស្របទៅនឹងផែនការមេរបស់ គ.វ.ក១៩ ផងដែរ។ ហេតុដូច្នេះហើយ ខ្ញុំសូមគោរពអធ្យាស័យ បងប្អូនប្រជាពលរដ្ឋនៅតាមខេត្តដែលចង់ចាក់វ៉ាក់សាំង តែមិនទាន់ដល់វេនចាក់ និងសូមមេត្តាយោគយល់ចំពោះចំណុចនេះ”។

សូមរម្លឹកថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់ដូសទី១ មានចំនួនសរុប ២ ២៥៣ ០៤៤នាក់ និងដូសទី២ មានចំនួនសរុប ១ ៥១៤ ០៧២នាក់ ស្មើនឹង២២.៥៣% នៃប្រជាជនគោលដៅចាក់វ៉ាក់សាំងសរុប ១០លាននាក់។

 ដោយឡែកគិតត្រឹមថ្ងៃទី២៣ ខែឧសភា នេះ កម្ពុជាបានទទួលវ៉ាក់សាំងសរុប ទាំងការបញ្ជាទិញដោយរាជរដ្ឋាភិបាល ទាំងជំនួយពីមិត្តចិន និងយន្តការ Covax មានចំនួនសរុបប្រមាណជាង ៦លានដូស ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលបានទិញពីប្រទេសចិន ៤លានដូស វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ១លាន៧សែនដូស និងវ៉ាក់សាំងកូវីសែល (Covishield) ដែលទទួលអាជ្ញាបណ្ណផលិតដោយ អាស្រ្តាហ្សេនេកា (AstaZeneca) ៣២៤ ០០០ដូស៕

ដោយ ៖ សូរិយា


ចែករំលែក៖