ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ស្ថានភាពផ្សារ រដ្ឋរៀបរយ និងមិនរៀបរយ នៅរាជធានីភ្នំពេញមុនមួយថ្ងៃបើកដំណើរការលក់ដូរ នៅស្ងាត់ នៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពផ្សាររដ្ឋរៀបរយ និងមិនទាន់រៀបរយ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១នេះ មុនថ្ងៃបើកមួយថ្ងៃដំណើរការលក់ដូរឡើងវិញនោះមើលទៅ ហាក់នៅស្ងាត់នៅឡើយ បើទោះបីមានផ្សារខ្លះមានអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវក្បែរផ្សារខ្លះក៏ដោយចុះ។

នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ ផ្សាររដ្ឋទាំង២៥នឹងបើកលក់ដូរឡើងវិញតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីកាលពីថ្ងៃទី២១ឧសភាក្រោយបិទប្រមាណ២ខែមកនោះ។
ក្នុងកិច្ចប្រជុំបន្ទាន់មួយបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ឧសភានៅសាលារាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ការដាក់ឲ្យដំណើរការផ្សាររដ្ឋឡើងវិញគឺសំរាប់តែផ្សាររដ្ឋឬផ្សាររៀបរយ។ចំពោះផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់គឺមិនអនុញ្ញាតឲ្យបើកទេ។

បំរាមគោចរក្នុងតំបន់លឿង ត្រូវបានបញ្ចប់។គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជះ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជះគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុង ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញនិងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
លោកអភិបាលបានណែនាំឱ្យគណៈ កម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាល់កុល ពាក់ម៉ាស់និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារនិងផ្សព្វផ្សាយសារអប់រំពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺ កូវីដ-១៩។ពាក់ព័ន្ធនឹងការបើកផ្សារលក់ដូរឡើងវិញនេះគឺសំរាប់តែផ្សាររៀបរយ តែប៉ុណ្ណោះ។ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យគឺមិនទាន់អនុញ្ញាតឲ្យបើកលក់ទេព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩នៅតែរាលដាលនៅឡើយ។តែរដ្ឋបាលរាជធានីភ្នំពេញនឹងដកពិសោធន៍វាយតំលៃ ពិចារណាលើការ បន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។
លោកបន្តទៀតថា៖បើយើងដឹងថា បើកផ្សារទៅហើយធ្វើឱ្យរាលដាលជំងឺកូវីដ-១៩ និងបណ្តាលឲ្យមនុស្សស្លាប់គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយ រយៈពេលសិនដោយមិនប្រថុយប្រថានបើកច្រកមរណៈនោះទេដើម្បីយើងបានក្តីសុខទាំងអស់គ្នា។ម៉្យាងទៀតគណៈគ្រប់គ្រងផ្សារទាំងអស់ត្រូវតែម៉ត់ចត់ ច្បាស់លាស់តាមគោលការណ៍ណែនាំ។ចំពោះសកម្មភាព ការងារ មុខរបរនិងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទ៍ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាដិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បះ សារមន្ទីរ ក្លឹបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់មានគោលការណ៍អនុញ្ញាតដូចក្នុងប្រការ១នៃសេចក្តី សម្រេចនេះត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូតដល់មានការសម្រេចជាថ្មី៕

ដោយ ៖ សំរិត


ចែករំលែក៖