ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយសប្បុរសធម៌ជាម៉ាស់ចំនួន៧៥.០០០ម៉ាស់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩

ចែករំលែក៖

     ភ្នំពេញ៖  អំណោយជាម៉ាស់ចំនួន៧៥.០០០ម៉ាស់របស់សហគមន៍កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកអូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។

​នេះមិនមែនជាលើកទី១នោះទេ ដែលសហគមន៍កាតូលិកភូមិភាគរាជធានីភ្នំពេញ បានចូលរួមចំណែកជាមួយអាជ្ញាធររាជធានីភ្នំពេញក្នុងការចែករំលែកការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដែលនៅតែគំរាមកំហែងនិងបន្តឆ្លងរាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៍កាតូលិកភូមិភាគរាជធានីភ្នំពេញតែងតែបានចូលរួមផ្តល់អំណោយជាស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ រួមទាំងសកម្មភាពមនុស្សធម៌មួយចំនួនទៀត។

     លោក ហួត ហៃ បានចាត់ទុកថា ការផ្តល់អំណោយរបស់សហគមន៍កាតូលិកភូមិភាគភ្នំពេញនាពេលនេះ បានស្តែងឱ្យ ឃើញពីការយកចិត្តទុកដាក់អាណិតអាសូរដល់ប្រជាពលរដ្ឋរងគ្រោះខ្វះខាតដោយសារជំងឺកូវីដ-១៩រាតត្បាតនាពេលនេះ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការដោះស្រាយស្បៀងអាហារ សម្ភារការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ និងក្រោមការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ពីលោក  ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើការចាត់វិធានការបន្ទាន់ៗដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩នាពេលនេះ៕

ដោយ ៖ សំរិត


ចែករំលែក៖