ខេត្តកំពង់ធំ៖ កម្លាំងសមត្ថកិច្ចចម្រុះក្រោមការសម្របសម្រួលដោយលោកសាយ វាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានធ្វើការឃាត់រថយន្តមួយគ្រឿងប្រមូលផល អនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ។
ក្នុងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់ការប្រមូលផលអនុផលព្រៃឈើគ្មានច្បាប់ ដឹកនាំដោយលោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មី សហការជាមួយនឹងកងរាជអាវុធហត្ថខេត្តកំពង់ធំជាច្រើនរូប នៅចំណុចផ្លូវលំ ក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នាយប់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ ។
ភ្លាមៗនោះ លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថានេះគឺជាបទល្មើសជាក់ស្ដែងដែលក្រុមឈ្មួញធ្វើការដឹកប្រមូលផលអនុផលព្រៃឈើដោយគ្មានច្បាប់ នៅបានធ្វើចរាចរណ៍តាមផ្លូវសាធារណៈដែលស្ថិតនៅក្នុងភូមិ អណ្ដូងបី និងភូមិបុស្ស ចំបក់ ឃុំទីពោ ស្រុកសន្ទុក យើងក៏បានបញ្ជាឱ្យកម្លាំងនិងមន្ត្រីជំនាញចុះធ្វើការឃាត់ និងបានប្រមូលយកវត្ថុតាងមួយចំនួនយកមករក្សាទុកនៅឯណាសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
លោកមុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើបានឱ្យដឹងថា ការដឹកជញ្ជូនផល អនុផលព្រៃឈើនេះ វាស្ថិតនៅមាត្រា ៩៦ ចំណែកចំនួនកំណត់ឈើយើងមិនទាន់បានរាប់នៅឡើយទេ ។
លោកបានបញ្ជាក់ថា ករណីនេះយើងត្រូវពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើ ជាទឹកប្រាក់ ពី២ទៅ៣ដង នៃតម្លៃវត្ថុតាង ឬអាចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ។
លោកបានបញ្ជាក់ថា ចំពោះរថយន្តគ្មានស្លាកលេខនោះ យើងទុកឱ្យខាងជំនាញជាអ្នកចាត់ចែងនីតិវិធីច្បាប់បន្ថែមទៀត ។ ចំណែកម្ចាស់ឈើឈ្មោះ ធៀប ធួក អាយុ៤៦ឆ្នាំ រស់នៅភូមិពពេច ឃុំចុងដួង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្តឡិចស៊ីសRX 300 ពាក់ស្លាក ព្រះសីហនុ 2A-0198 សំរាប់បិទពីមុខរថយន្តកូនដឹកផលអនុផលព្រៃឈើ ។ តៃកុងបើករថយន្តដឹកផលអនុផលព្រៃឈើត្រូវជាកូន ឈ្មោះ ហេង បូរ៉ា អាយុជាង២០ឆ្នាំ ។ ភ្លាមៗនោះតៃកុងរថយន្តខាងលើនេះបាននាំគ្នាបើកទ្វាររថយន្តរត់គេចចូលព្រៃបាត់ស្រមោល ។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើតាំងក្រសាំង រង់ចាំម្ចាស់មកដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ៖ ចន្ទ លីហ្សា