ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែង នាយក្រិន ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចែករំលែក៖

ប៉ុន្មានថ្ងៃមុននេះគេទទួលបានដំណឹងថាតារាកំប្លែងមាឌល្អិតលោក ទេស សុជុន ហៅនាយក្រិនអាយុ ៤២ឆ្នាំ ដែលមានបញ្ហាសុខភាពប្រចាំកាយរហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ត្រូវរ៉ាប់រងចិញ្ចឹមបីបាច់កូនប្រុសស្រីក្នុងបន្ទុក៣នាក់នោះ។ ពេលនេះតារាកំប្លែងរូបនេះបានទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយ។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និង សហការីជួបសំណេះសំណាលសួរសុខទុក្ខ សាកសួរពីស្ថានភាពរស់នៅ  សុខភាព និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់ លោក ទេស សុជុន (ហៅនាយក្រិន) អាយុ ៤២ឆ្នាំ ជាតារាកំប្លែងមានមាឌតូចល្អិត កំពុងមានជំងឺប្រចាំកាយ និងមានកូនតូចប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុក កំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

តារាកំប្លែងលោក ទេស សុជុន ហៅនាយក្រិនបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយគិតគូរ ជាពិសេសការលើកទឹកចិត្តដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។ 

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក  ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ លោក ទេស សុជុន (ហៅនាយក្រិន) សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ។ ទន្ទឹមនឹងនេះលោក  ប៊ុត គឹមស៊ាន បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ ក្មួយកូនៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកតញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូន លោក ទេស សុជុន (ហៅនាយក្រិន)រួមមាន ៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ចំនួន ១០កេស នំធុង ៣ធុង  និងថវិកា ៥លានរៀល។

ក្នុងនោះលោក  ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាបានឧត្តម្ថបន្ថែមជូនលោកពុកបង្កើតនាយក្រិន និងកូនៗថវិកាមួយចំនួនផងដែរ ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖