ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយលោកបណ្ឌិតសភា ចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមជាមួយ និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសអន្តរក្រសួងមួយស្ដីអំពីការផាកពិន័យជាប្រាក់ចំពោះបទល្មើសពាណិជ្ជកម្មមួយចំនួន ក្នុងនោះបទល្មើសការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាត នឹងត្រូវពិន័យជាប្រាក់១០លានរៀល។
ជាក់ស្តែងនៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះ បានបញ្ជាក់ថា៖ ក្នុងប្រការ១ សម្រេចការពិន័យជាប្រាក់ដែលស្ថិតក្រោមសមត្តកិច្ចរបស់ក្រសួងពាណិជ្ជកម្មត្រូវបានអនុវត្តចំពោះជនទាំងឡាយណាដែលប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជ កម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិន ស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និង ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន ។
ក្នុងប្រភេទបទល្មើសដែលបានលើកឡើងក្នុងនោះការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាតត្រូវទទួលការពិន័យជាប្រាក់១០ លាន រៀល ។
សូមជម្រាបជូនថា កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់ប្រភេទបែបបទនិងនីតិវិធីនៃការផ្តល់លិខិតអនុ ញ្ញាតឬអាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
ក្នុងអនុក្រឹត្យនោះរាជរដ្ឋាភិបាលបានកំណត់សម្រាប់ប្រតិបត្តិការផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលត្រូវផ្តល់ឱ្យនីតិបុគ្គលនិងសាខាក្រុមហ៊ុនបរទេសរួមមាន៖ ១.សេវាគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ២.សេវាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ៣.សេវាទីផ្សារអនឡាញ។ ៤. សេវាគេហទំព័រដេញថ្លៃ អនឡាញ និង ៥.សេវាស្រដៀងគ្នាផ្សេងទៀតដែលផ្តល់តាមរយៈកម្មវិធីកុំព្យូទ័រឬឧបករណ៍វៃឆ្លាតសម្រាប់ការជំរុញធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក។
ក្នុងអនុក្រឹត្យនោះត្រូវបានលើកលែងការតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកចំពោះរូបវន្តបុគ្គលឬសហគ្រាសឯកបុគ្គលដែល ធ្វើសកម្មភាពឬប្រតិបត្តិការដូចតទៅ៖
-១.ការផ្សព្វផ្សាយពាណិជ្ជ កម្មអំពីទំនិញឬសេវារបស់ខ្លួនរួមបញ្ចូលទាំងការផ្សព្វផ្សាយលក់ទំនិញឬសេវាដែលមិនមែនជា សំណើបង្កើតកិច្ចសន្យា ។
-២. ការបម្រុងទុកសេវាដែលមិនមានការកក់ប្រាក់ឬទូទាត់កម្រៃដោយអតិថិជនឬអ្នកប្រើប្រាស់ ។
-៣.ការលក់ទំនិញឬសេវារបស់រូប វន្តបុគ្គលឬសហគ្រាសឯកបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច។
-៤.ការលក់ទំនិញឬសេវាដែលមានលក្ខណៈគ្រួសារឬតាមរដូវ កាលប្រមូលផល។
-៥.ការលក់ទំនិញឬសេវាដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួនសុទ្ធសាធ ។
-៦.ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន ។
-និង៧.ការបង្ហាត់បង្រៀន ឬអប់រំអំពីសាសនារបស់រដ្ឋ។
បើយោងសេចក្ដីប្រកាសអន្តរក្រសួងមួយស្ដីអំពីការផាកពិន័យជាប្រាក់ចំពោះបទល្មើសពាណិជ្ជកម្មប្រភេទបទល្មើសនិងកម្រិតទឹកប្រាក់ពិន័យទៅតាមប្រភេទ បទល្មើសនីមួយៗត្រូវបានរៀបចំជាបញ្ជីពិន័យជាប្រាក់ដូចខាងក្រោម៖
-១.ការមិនបានចុះបញ្ជីកែប្រែការផ្លាស់ប្ដូរផ្សេងៗនៅក្រសួងពាណិជ្ជកម្ម ត្រូវទទួលការពិន័យជាប្រាក់១. ០០០. ០០០ រៀល ។
-២.ការមិនតម្កល់ទុកប្រទិវេទន៍ ប្រចាំឆ្នាំ ត្រូវទទួលការពិន័យជាប្រាក់ ២. ០០០.០០០ រៀល ។
-៣. ការផ្ដល់ព័ត៌មានមិនពិតនិងការក្លែងបន្លំឯកសារតម្រូវសម្រាប់ការចុះបញ្ជីត្រូវទទួលការពិ ន័យជាប្រាក់១.០០០.០០០ រៀល។
-៤.ការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាតត្រូវទទួលការពិន័យជាប្រាក់១០ លាន រៀល។
-៥.ការផ្ដល់ព័ត៌មានមិនពិតលើរបាយការណ៍កំណត់ហេតុឬឯកសារផ្សេងទៀតរបស់ក្រុមហ៊ុនដែលត្រូវផ្ញើមកដម្កល់ទុកនៅក្រសួងពាណិជ្ជកម្មត្រូវទទួល ការពិន័យជាប្រាក់២.០០០.០០០រៀល។
-៦.ការមិនបានបញ្ជូនច្បាប់ចម្លងរបាយការណ៍ហិរញ្ញវត្ថុមកតម្កល់ទុកនៅក្រសួងពាណិជ្ជកម្មត្រូវទទួលការពិន័យ ជាប្រាក់ ២.០០០. ០០០ រៀល ។
-៧.ការស្នើសុំចុះបញ្ជីម៉ាកសារជាថ្មីហួសរយៈពេលកំណត់លើសពី៦ខែ ត្រូវទទួលការពិន័យជាប្រាក់ ២០០. ០០០ រៀល ៕
ដោយ៖សហការី