ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងការបរទេសអាមេរិក ដែលបានបង្កើតដើម្បីបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ដែលសង្ស័យថាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន ពេលនេះត្រូវបានប្រធានាធិបតីបៃឌិនប្រកាសឱ្យរំសាយហើយ។
តាមសារព័ត៌មាន CNN បានផ្សាយថា ការសម្រេចរំសាយក្រុមស្រាវជ្រាវរបស់ក្រសួងការបរទេស ក្នុងពេលដែលមានការវិភាគជាច្រើនជុំវិញប្រភពកូវីដ-១៩ ។ នៅពេលនេះដែរ លោកត្រាំ ដែលជាអតីតប្រធានាធិបតីក៏បានចេញមកនិយាយពាក់ព័ន្ធនឹងកូវីដ-១៩ នៅទីក្រុងវូហាននេះដែរ។
កន្លងមក ក្រសួងការបរទេសអាមេរិក បានបង្កើតក្រុមស្រាវជ្រាវនៅក្នុងឆ្នាំ២០២០ ។ ក្នុងពេលនោះអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo និងសម្ពន្ធមិត្តរបស់ប្រធានាធិបតីត្រាំ បានយល់ថាកូវីដ-១៩ លេចចេញពីមន្ទីរពិសោធន៍របស់ចិន មិនមែនកើតចេញពីធម្មជាតិនោះឡើយ។
សារព័ត៌មាន CNN បានផ្សាយថា ការស្រាវជ្រាវ ក្រោយមកក្លាយទៅជា វិវាទផ្ទៃក្នុង ក្រោយពេលមានមនុស្សដាក់សំណួរសួរថា តើការស្រាវជ្រាវរបស់រដ្ឋាភិបាលលោកត្រាំក្នុងគោលដៅទម្លាក់កំហុសដាក់លើប្រទេសចិនពីការឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោកនោះឬ? ៕
ដោយ៖ ធីរីណា(រូបភាព៖AP)