អន្តរជាតិ៖ បើតាមក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣,៣២៣ករណីបន្ថែមទៀត ខណៈករណីអ្នកជំងឺ ៤៧នាក់ទៀតបានស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីតួលេខក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មានករណីឆ្លងក្នុងពន្ធនាគារចំនួន ១,២១៩នាក់។ ចំណែកឯអ្នកជំងឺចំនួន ២,០៦៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា បើគិតចាប់តាំងពីករណីឆ្លង COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៤១,២១៧ករណី ក្នុងនោះមានអ្នកស្លាប់ ៩២០នាក់ និងអ្នកជាសះស្បើយជិត ៩៤,០០០នាក់។ដោយឡែកសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ គិតត្រឹមថ្ងៃទី២៦ ខែឧសភាម្សិលមិញនេះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.១៥លានដូស ក្នុងនោះប្រជាជន ៣.១៥លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.១% នៃចំនួនប្រជាជនសរុប) និងជិត ១លាននាក់ បានចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)៕
ដោយ៖ស តារា(រូបថត៖Reuters)