ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងចំណោមជនរងគ្រោះចំនួន២នាក់ ខណៈដែលពួកគេបានបើកបរគោយន្តកិនទៅលើគ្រាប់មីនតោន នៅលើផ្លូវលំចាស់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នៅចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពពីមន្ត្រីនគរបាលស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុមានពលរដ្ឋ២ នាក់ បានបើកគោយន្តកន្ត្រៃ១គ្រឿងតាមផ្លូវលំចាស់ ស្រាប់តែបានកិនលើគ្រាប់មីនបណ្តាលឲ្យផ្ទុះឡើង ធ្វើឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៊ន សុគា ភេទប្រុស អាយុ២៨ឆ្នាំ ឯអ្នករងរបួសមានឈ្មោះ ហង់ សីហ័រ ភេទប្រុស អាយុ២៦ឆ្នាំបច្ចុប្បន្នបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕
ដោយ ៖ សូរិយា