ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមីយ៉ាន់ម៉ា ប្រឈមនឹងកង្វះប្រាក់សុទ្ធប្រើប្រាស់ខណៈតម្លៃទំនិញឡើងថ្លៃខ្ពស់

ចែករំលែក៖

ពលរដ្ឋមីយ៉ាន់ម៉ា កំពុងប្រឈមនឹងកង្វះប្រាក់សុទ្ធចាយវាយ ចំណែកតម្លៃទំនិញឡើងថ្លៃខ្ពស់ សេវាកម្មនានាក៏ឡើងថ្លៃ ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា នៅទីក្រុងYangon ដែលជាទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់មីយ៉ាន់ម៉ា មានពលរដ្ឋរាប់រយនាកតម្រង់ជួរគ្នានៅមុខទូដកប្រាក់ATM ដោយមានអ្នកខ្លះពេលមកដកប្រាក់គឺយកទាំងកៅអីមកតាមទៀត អ្នកខ្លះមានទាំងទឹកនិងអាហារ ដើម្បីអង្គុយចាំដល់វេនខ្លួនចូលទៅដកប្រាក់ អ្នកខ្លះចាំរាប់ម៉ោងទម្រាំតែដកបានប្រាក់។
ពលរដ្ឋបានទៅកាន់ទូ ATM តាំងពីពេលព្រឹកដើម្បីរង់ចាំដកប្រាក់បានមុនគេ ។ កង្វះប្រាក់សុទ្ធប្រើប្រាស់គឺជាបញ្ហាប្រឈមមុខយ៉ាងធំសម្រាប់ពលរដ្ឋនៅទីក្រុងYangon ។ កន្លងមកធនាគារជាច្រើនបានបិទទ្វារដោយសារបារម្ភពីសន្តិសុខ ព្រោះមានបាតុកម្មហិង្សាជាច្រើនកើតឡើង។ ប៉ុន្តែនៅពេលនេះ ធនាគារជាច្រើនក៏បានចាប់ផ្តើមដំណើរការបន្តិចម្តងៗ ក្រោយបាតុកម្មបានថយចុះ។
នៅពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែបន្តកំណត់ចំនួនប្រាក់សុទ្ធដែលពលរដ្ឋត្រូវដកប្រចំាថ្ងៃ បញ្ជៀសស្ថានភាពប្រែប្រួល កើតឡើងពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ។
កង្វះប្រាក់សុទ្ធក៏បានបង្កផលលំបាកយ៉ាងខ្លាំងដល់បណ្តាក្រុមហ៊ុន សហគ្រាសនៅក្នុងប្រទេសនេះផងដែរ។ ប្រភពព័ត៌មានពីក្រុមហ៊ុនកាត់ដេរជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនខ្លួនមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបើកប្រាក់ខែជូនកម្មករកាត់ដេរឡើយ៕

ដោយ៖ធីរីណា(រូបភាព៖ Kyodo)


ចែករំលែក៖