ក្រុងប៉ោយប៉ែត៖ មនុស្សប្រុសស្រី២នាក់នាំគ្នាធ្វើដំណើរដោយថ្មើរជើងពីស្រុកឯកភ្នំខេត្តបាត់ដំបងឆ្លងដែនទៅធ្វើការសំណង់នៅប្រទេសថៃត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួននៅថ្ងៃទី២៩ឧសភា ២០២១។
អ្នកទាំងពីរដែលសមត្ថកិច្ចថៃចាប់មានឈ្មោះ សើន បូរិន ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ទេព សុខភៀម ស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អ្នកសារព័ត៌មានរាយការណ៍ថា តាមវិធានការទប់ស្កាត់ការលួចចូលប្រទេសដោយខុសច្បាប់ ដើម្បីការពារការរាតត្បាតរបស់ជំងឺកូវីដ-១៩។ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាការពារភូមិ ខៅ លូកឆាង ថា ប្រទះឃើញមនុស្សប្រុសស្រី២នាក់ថា ជាពលករបរទេសលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ទើបបានកម្លាំងសមត្ថកិច្ចស្រុកតាព្រះយ៉ា សហការជាមួយសមត្ថកិច្ចកងរយទី៣ ចូលទៅត្រួតពិនិត្យបុគ្គលត្រូវសង្ស័យភ្លាមៗ។ជាលទ្ធផលក្នុងប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃុំខ្លួនជនជាតិខ្មែរ លួចឆ្លងចូលប្រទេសដោយខុសច្បាប់ នៅបរិវេណក្រោយវត្ត ភូមិខៅ លូកឆាង ត្រង់បង្គោលឡាក់ 48P TA 57248 39857 នឹងក្រោយធ្វើការសួរនាំជំហានដំបូងបានឲ្យដឹងថា ជាជនជាតិខ្មែរ២នាក់ មិនមានឯកសារធ្វើដំណើរ ។
ក្រោយពីការសួរនាំពួកគាត់និយាយថា តាំងពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៧ ឧសភា ២០២១ បានដើរដោយថ្មើរជើងមកពីខេត្តបាត់ដំបង មកតាមច្រករបៀង គេចពីការចាប់ឃុំខ្លួនរបស់សមត្ថកិច្ចកម្ពុជា ដោយដើរមកដល់បរិវេណក្រោយវត្តភូមិ ខៅ លូកឆាង វេលាម៉ោងប្រមាណ២និង១៥នាទី បានរង់ចាំរថយន្តមកទទួល តាមដែលមេខ្យល់ខាងខ្មែរប្រាប់ទុកមុន ដើម្បីទៅធ្វើការសំណង់នៅខេត្តសមុទ្រ ប្រាកាន តែគិតថា រថយន្តមិនអាចចូលមកទទួលបាន ដោយសារមានការស្កាត់ពីខាងសមត្ថកិច្ចស្រុកតា ព្រះយ៉ា ក្រោយមកសមត្ថកិច្ចក៏បានចាប់ឃុំខ្លួន ធ្វើកំណត់ហេតុនឹងអនុវត្តតាមវិធានការសុខាភិបាល មុនហ្នឹងបញ្ជូនខ្លួនឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ តាមច្រកMOU គឺច្រកអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យបន្ត៕
ដោយ ៖ វណ្ណា