ខេត្តស្ទឹងត្រែង៖ ទីបំផុតឃាតក ៣នាក់ឪពុកនិងកូនៗ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពសម្លាប់យុវជនម្នាក់ស្លាប់ កាលពីវេលាម៉ោង២០៖១៨នាទី ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១ នៅចំណុចទំនប់អូរពូក ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រោយកើតហេតុមួយថ្ងៃកម្លាំងនគបាលព្រហ្មទណ្ឌកម្រឹតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការស្រុកសេសាន ដឹកនាំដោយលោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបឈានដល់ឃាត់ខ្លួន៣នាក់ឪពុកនិងកូន ដែលជាជនដៃដល់ខាងលើ នាំមកស្នងការដ្ឋាននគបាលខេត្តដើម្បីបន្តនីតិវិធី។
លោក វ៉ា សុផាន់ ស្នងការរងនគរបាលខេត្តទទួលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់បាន បញ្ជាក់ថា: ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួននេះរួមមាន៖ ទី១.ឈ្មោះ ស្រេង សែ ភេទប្រុសអាយុ៥០ឆ្នាំត្រូវជា(ឪពុក)-ទី២.ឈ្មោះ លីម មេងលុង ភេទប្រុសអាយុ២៣ឆ្នាំ(កូន)-និងទី៣.ឈ្មោះ លីម មេងស្រុង ភេទប្រុសអាយុ១៩ឆ្នាំ(កូន) ដែលបានយកខ្សែចងជនរងគ្រោះនិងវាយបណ្តាលឱ្យបាក់ក រហូតដល់ស្លាប់។
លោក វ៉ា សុផាន់ បានបន្តថា: ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានមន្ត្រីជំនាញ នគរបាលបានសួរនាំពីមូលហេតុ មុនពេលកើតហេតុរួចរាល់ហើយ និងកសាងសំណុំរឿងបញ្ជូលទៅតុលាការខេត្ត ដើម្បីអនុវត្តនីតិវិធីបន្តនូវអំពើឃាតកម្មខាងលើនេះ។
នេះតាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅភូមិសេសាន ឃុំកំភុនខាងលើ បានអះអាងថា: បុរសជាជនរងគ្រោះដែលត្រូវ៣នាក់ឪពុកនិងកូនៗ ព្រួតគ្នាចងវាយរហូតដល់ស្លាប់នោះ តែងតែដើរធ្វើសកម្មភាពអុកឡុក នៅទីតាំងចម្ការ ជាកន្លែងចិញ្ចឹមសត្វពពែ និងមានការដេញវាយសត្វពពែរបស់គេ ទើបធ្វើឲ្យម្ចាស់គេទ្រាំលែងបានចាប់ចង និងវាយសម្លាប់តែម្តង។
ប្រជាពលរដ្ឋបានបញ្ជាក់ដែរថា: ជនរងគ្រោះនោះឈ្មោះ ចាន់ បូវ៉ាន់ អាយុ២៦ឆ្នាំ មានឪពុកឈ្មោះ ប៉ាន ចាន់ និងម្តាយឈ្មោះ ថៃខាំ រស់នៅភូមិស្រែតាប៉ាន-ឃុំសាមឃួយ ស្រុកសេសាន។ ក្រោយការពិនិត្យទៅលើសាកសពរួចរាល់សមត្ថកិច្ចក៏បាន ប្រគល់ឲ្យទៅក្រុមគ្រួសារយកមកផ្ទះ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ ៕
ដោយ៖ មាស សុផាត