ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានចុះជួយឧបត្ថម្ភសង្កាត់គយត្របែក ប្រគល់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ៨គ្រួសារ ដែលជាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនត្រូវបានលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក បានយកមកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន០៨គ្រួសារ ដើម្បីជួយសម្រាលបន្ទុក កំឡុងពេលជាប់ធ្វើចត្តាឡីស័ក។

ការប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារមួយចំនួនបានធ្វើឡើងនារសៀលថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកចៅសង្កាត់និងក្រុមការងារយុវជនគណបក្សរបស់មន្ទីរជាច្រើននាក់ផងដែរស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។

លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក បានឱ្យដឹងថាអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារ ដែលយកមក ជូនដល់ប្រជាពលរដ្ឋ ចំនួន០៨គ្រួសារ ដើម្បីជួយសម្រាលបន្ទុក កំឡុងពេលជាប់ធ្វើចត្តាឡីស័ក ដោយក្នុង ០១គ្រួសារៗ ទទួលបានអង្ករ ចំនួន ១បាវ (២៥គីឡូក្រាម) មីចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអុីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ម៉ាស់ចំនួន១ប្រអប់ អាល់កុលចំនួន១លីត្រ ទឹកបរិសុទ្ធ ចំនួន៣យួរ ។

ក្នុងឱកាសនោះលោក នួន លីហួន ក៏បានស្នើ​ដល់​អាជ្ញាធរសង្កាត់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏ បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នាពេលនេះ ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាលផងដែរ។

បន្ទាប់មក រដ្ឋបាលសង្កាត់គយត្របែក បាននាំយកលិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្តស្វាយរៀង ប្រគល់ជូនលោក នួន លីហួន ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ចុះជួយឧបត្ថម្ភសង្កាត់គយត្របែក ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ជួយកសាងរបងសាលាសង្កាត់គយត្របែក រួចរាល់ជាស្ថាពរផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖