ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងទទួលអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ពីលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំដោយលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងនាព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅសាលាខេត្តស្វាយរៀង។

លោក  ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាយើងមានវត្តមានជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាព្រឹត្តិការណ៍២០កុម្ភៈនាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងក្រុមការងារស្រាវជ្រាវ តាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។

លោកក៏បានថ្លែងនូវការអរគុណចំពោះលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងសហការី ដែលបាននាំយកនូវសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តស្វាយរៀងនៅពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នា ត្រូវនឹងកាលៈទេសៈនាពេលបច្ចុប្បន្ន។​

ទន្ទឹមនេះ លោក អភិបាលខេត្តបានបន្ថែមថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ឱ្យចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អំណោយដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផ្តល់ជូនដល់រដ្ឋបាលខេត្តរួមមាន៖ ម៉ាស់ចំនួន៤កេសធំ ស្មើនឹង ១ម៉ឺនម៉ាស់, អាល់កុលចំនួន១០កាន និងមីម៉ាម៉ាចំនួន ៥០០កេសតូចផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖