ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាពាណិជ្ជករពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជាប់ចោទរូបនេះមានឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧B ផ្លូវ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
របាយការណ៍ដដែល បន្តថា ចំពោះការចាប់ខ្លួនពាណិជ្ជករស្រស់ស្អាតរូបនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជាការអនុវត្តតាមសាលក្រមកំបាំងមុខលេខ ៣១៣ «ខ១» ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានវិនិច្ឆ័យលើសេចក្ដីសម្រេចផ្ដន្ទាទោស លើជនជាប់ចោទដាក់ពន្ធនាគារកំណត់២ឆ្នាំ សំណងជនរងគ្រោះ៣ម៉ឺនដុល្លារអាមេរិក និងបង់ជំងឺចិត្ត៨លានរៀល ពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន ។
មន្ត្រីជំនាញ បានបន្ថែមទៀតថា ដោយអំណាចនៃសាលក្រម បានចូលជាស្ថាពរហើយនោះ ទេីបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនាំមកបង្ហាញចំពោះមុខនៅតុលាការ ដែលសំណុំរឿងនេះស្ថិតនៅលោកចៅក្រម សេង រិទ្ធី បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ឌួង ហេម៉ាលីស ដើម្បីយកមកអនុវត្តទោសតាមអំណាចសាលក្រមនេះ ។
គួរជម្រាបដែរថា កន្លងទៅ ស្ត្រីជាប់ចោទឈ្មោះ ឌួង ហេម៉ាលីស ធ្លាប់មានរឿងក្តីក្តាំជាមួយឧត្តមសេនីយ៍ទោយោធាម្នាក់ឈ្មោះ សួយ ចាន់សឿន នៅតុលាការខេត្តកំពង់ស្ពឺ ដែលរឿងនោះបានធ្វើឲ្យកក្រើកលើបណ្តាញសង្គមហ្វេសប៊ុក ។ ក្នុងអំឡុងខែមករា ឆ្នាំ២០២១ កាលណោះឈ្មោះ ឌួង ហេម៉ាលីស បានប្តឹងចោទប្រកាន់ឧត្តមសេនីយ៍ទោយោធា សូយ ចាន់សឿន ពីបទ.ប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ រឿងនោះ ក៏មានប្រតិកម្មវិញដែរ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ដែលភាគីទាំងសងខាងសុទ្ធតែបានយកវេទិកាឆ្លើយឆ្លងវាយប្រហារគ្នាតាមការឡាយផ្ទាល់លើបណ្តាញសង្គម ។
ស្រាប់តែមួយរយៈក្រោយមកនេះ សំណុំរឿងនោះក៏មានសភាពស្ងាត់សូន្យឈឹង ដែលគេដឹងថា ភាគីទាំង២សុទ្ធតែត្រូវបានតុលាការខេត្តកំពង់ស្ពឺ កោះហៅឲ្យចូលបំភ្លឺតាមពាក្យបណ្តឹងរៀងខ្លួន ។ អ្វីដែលកើតឡើងពេលនេះ ស្រាប់តែសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនស្ត្រីឈ្មោះ ឌួង ហេម៉ាលីស ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបានទៅវិញ ។
ពាក់ព័ន្ធនឹងបទល្មើសដូចខាងលើនេះ ស្ត្រីជាប់ចោទបានបង្ហើបប្រាប់សមត្ថកិច្ចថា ក្នុងអំឡុងឆ្នាំ២០១៦-២០១៧ គាត់បានយកប្រាក់ពីដើមបណ្តឹងប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើដើមទុនរកស៊ី ។ ប៉ុន្តែប្រាក់នោះ ត្រូវបានសងគេបណ្តើរៗវិញ ស្ទើរគ្រប់ចំនួនអស់ហើយ នៅសល់តិចតួចណាស់ដែលសឹងថា ជាប្រាក់ការតែប៉ុណ្ណោះ ហើយរឿងនេះក៏បានដោះស្រាយបញ្ចប់ដែរ ស្រាប់តែចុងក្រោយ មានសាលក្រមកំបាំងមុខផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងមានដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនតែម្តង ។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះដែរសមត្ថកិច្ច បានសង្កត់ធ្ងន់ថា នេះគ្រាន់តែជាពាក្យដោះសាររបស់ជនជាប់ចោទនោះទេ អ្វីដែលការពិតសំណុំរឿងបានស្ថិតនៅដៃតុលាការគ្រប់ជ្រុងជ្រោយអស់ហើយ ពោលគឺជនជាប់ចោទមិនគោរពតាមនីតិវិធី៕
ដោយ៖សហការី