ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញផលដំណាំកញ្ឆាជាច្រើនពាន់ដើមខណ:ជនខិលខូចលួចដាំខុសច្បាប់ នៅទីតាំងចំនួន០៩ និងកម្ទេចអាងស្តុកទឹកចំនួន៦ផងដែរ។
ការចុះទៅបង្រ្កាបដំណាំកញ្ឆាខុសច្បាប់នេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២១ត្រង់ចំណុចដុបកំរ៉ែងស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ លើផ្ទៃដីប្រមាណ៣.៨១២ម៉ែត្រការ៉េ ។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងដោយមានការស្រាវជ្រាវដឹងថាមានករណីដាំដើមកញ្ឆាខុសច្បាប់រាប់ពាន់ដើមនៅចំណុចខាងលើលោកបានដឹកនាំកម្លាំងចុះផ្ទ្ទាល់ទៅដកនិងដុតបំផ្លាញចោលដើមកញ្ឆាទាំងនោះ ថែមទាំងវាយកម្ទេចអាងស្តុកទឹកបម្រើឲ្យដំណាំកញ្ឆាចំនួន៦ ទៀតផង។
លោកបន្តថា លោកមានការសោកស្តាយណាស់ដោយចាប់ជនអ្នកប្រព្រឹត្តល្មើសច្បាប់មិនបាន ព្រោះពួកគេដឹងខ្លួនមុនរត់គេចបាត់អស់។
តែយ៉ាងណាកម្លាំងជំនាញរបស់លោកកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕
ដោយ ៖ ប្រាថ្នា