ព័ត៌មានទាន់ហេតុការណ៍៖

ពាណិជ្ជករម្នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាមសាលក្រមតុលាការ​ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួនស្ត្រី​ម្នាក់​ ដែល​ជាពាណិជ្ជករ​​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ​​បញ្ជូន​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់​ កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១។

បេីយោង​តាមរបាយការណ៍របស់សមត្ថកិច្ច​ បានឲ្យដឹងថា​ ស្ត្រី​ជាប់ចោទ​រូបនេះ​មានឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៧B ផ្លូវ​៣៥២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

របាយការណ៍ដដែល​ បន្តថា​ ចំពោះ​ការ​ចាប់ខ្លួន​ពាណិជ្ជករ​ស្រស់ស្អាត​រូបនេះ​ សមត្ថកិច្ច​ជំនាញ​ បានបញ្ជាក់ថា​ ជា​ការ​អនុវត្ត​តាម​សាលក្រម​កំបាំង​មុខ​លេខ ៣១៣ «​ខ​១» ចុះ​ថ្ងៃ​ទី ៣១ ខែមករា ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​វិនិច្ឆ័យ​លើ​សេចក្ដីសម្រេច​ផ្ដន្ទាទោស លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ សំណង​ជន​រង​គ្រោះ​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បង់​ជំងឺ​ចិត្ត​៨​លាន​រៀល ពី​បទ «​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន ។

មន្ត្រីជំនាញ​ បានបន្ថែមទៀតថា​ ដោយ​អំណាច​នៃ​សាលក្រម បាន​ចូល​ជា​ស្ថាពរ​ហើយ​នោះ ទេីប​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​បង្ហាញ​ចំពោះ​មុខ​នៅ​តុលាការ ដែល​សំណុំរឿង​នេះ​ស្ថិត​នៅ​លោក​ចៅក្រម សេង រិ​ទ្ធី បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នេះ ។

គួរជម្រាបដែរថា​ កន្លងទៅ​ ស្ត្រី​ជាប់ចោទ​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស ធ្លាប់​មានរឿង​ក្តីក្តាំ​ជាមួយ​ឧត្តមសេនីយ៍ទោ​យោធា​ម្នាក់​ឈ្មោះ សួយ ចាន់​សឿ​ន នៅ​តុលាការខេត្ត​កំពង់ស្ពឺ ដែល​រឿង​នោះ​បាន​ធ្វើ​ឲ្យ​កក្រើក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០២១ កាល​ណោះ​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស បាន​ប្តឹង​ចោទប្រកាន់​ឧត្តមសេនីយ៍ទោ​យោធា សូ​យ ចាន់​សឿ​ន ពី​បទ​.​ប្រើ​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ។ រឿង​នោះ ក៏​មាន​ប្រតិកម្ម​វិញ​ដែរ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿ​ន ដែល​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​យក​វេទិកា​ឆ្លើយឆ្លង​វាយប្រហារ​គ្នា​តាម​ការ​ឡាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម ។

ស្រាប់​តែ​មួយ​រយៈ​ក្រោយ​មកនេះ សំណុំរឿង​នោះ​ក៏​មាន​សភាព​ស្ងាត់​សូន្យឈឹង ដែល​គេ​ដឹង​ថា ភាគី​ទាំង​២​សុទ្ធតែ​ត្រូវ​បាន​តុលាការខេត្ត​កំពង់ស្ពឺ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​តាម​ពាក្យបណ្តឹង​រៀងខ្លួន ។ អ្វី​ដែល​កើតឡើង​ពេល​នេះ ស្រាប់តែ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​ស្ត្រី​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស ពាក់ព័ន្ធ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​បទល្មើស​ដូច​ខាងលើ​នេះ ស្ត្រី​ជាប់ចោទ​បាន​បង្ហើប​ប្រាប់​សមត្ថកិច្ច​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៦-២០១៧ គាត់​បាន​យក​ប្រាក់​ពី​ដើមបណ្តឹង​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​ដើមទុន​រកស៊ី ។ ប៉ុន្តែ​ប្រាក់​នោះ ត្រូវ​បាន​សង​គេ​បណ្តើរ​ៗ​វិញ ស្ទើរ​គ្រប់​ចំនួន​អស់ហើយ នៅ​សល់​តិចតួច​ណាស់​ដែល​សឹង​ថា ជា​ប្រាក់​ការ​តែ​ប៉ុណ្ណោះ ហើយ​រឿង​នេះ​ក៏​បាន​ដោះស្រាយ​បញ្ចប់​ដែរ ស្រាប់តែ​ចុង​ក្រោយ មាន​សាលក្រម​កំបាំង​មុខ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ និង​មាន​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​តែ​ម្តង ។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះដែរ​សមត្ថកិច្ច​ បានសង្កត់ធ្ងន់ថា​ នេះ​គ្រាន់តែ​ជា​ពាក្យដោះសារ​របស់​ជនជាប់ចោទ​នោះ​ទេ អ្វី​ដែល​ការ​ពិត​សំណុំរឿង​បាន​ស្ថិត​នៅ​ដៃ​តុលាការ​គ្រប់​ជ្រុងជ្រោយ​អស់ហើយ ពោល​គឺ​ជនជាប់ចោទ​មិន​គោរព​តាម​នីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖