ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំបន្តលែងសត្វគោក្របីតាមផ្លូវ ទីសាធារណៈទៀតព្រោះងាយនឹងកើតករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈព្រមទាំងបាត់បង់សោភណភាពក្នុងស្រុកផងដែរ។
ការអំពាវនាវបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ ២០២១នៅក្នុងសាលប្រជុំសាលាស្រុករមាសហែកខេត្តស្វាយរៀង។
លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបន្តថា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវសាធារណៈ និងចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ លើកកម្ពស់អនាម័យបរិស្ថាននិងសោភណភាពតាមដងផ្លូវតាមទីប្រជុំជននិងតាមទីសាធារណៈដែលអាចកើតឡើងនូវគ្រោះថ្នាក់ជាយថាហេតុនោះ ក្នុងនាមអាជ្ញាធរស្រុកសូមអស់លោកលោកស្រីនិងប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោក្របីខាងលើត្រូវដាក់ក្នុងទ្រុង ឬក្រោលឱ្យបានត្រឹមត្រូវ និងមិនត្រូវលែងសត្វទាំងនេះឱ្យដើររហេតរហូតតាមដងផ្លូវសាធារណ: ទីប្រជុំជន និងស៊ីដំណាំដាំដុះលើដីសាធារណៈរបស់រដ្ឋនិងរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើរសុីទំនិញបន្លែបង្ការដែលបងប្អូនប្រជាពលរដ្ឋលក់ដូរនៅតាមទីផ្សារដូចរាល់ថ្ងៃនោះទេ។
លោកបន្ថែមថា អាជ្ញាធរស្រុកនឹងទុករយៈពេល៧ថ្ងៃគិតចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
ដោយចាប់ពីថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២១ទៅ អាជ្ញាធរស្រុកនឹងមានវិធានការចុះចាប់និងប្រមូលសត្វគោក្របីរបស់អស់លោកលោកស្រីដែលលែងចោលពាសវាលពាសកាល ព្រមទាំងអញ្ជើញអស់លោកលោកស្រីជាម្ចាស់គោក្របីទាំងនោះមកធ្វើកិច្ចសន្យានិងផាកពិន័យតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖ យឹម សុថាន