ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី រស់នៅ ក្នុងខណ្ឌកំបូល ប្រមាណជាង៨ពាន់នាក់ បានបន្តនាំគ្នាទៅចាក់វ៉ាក់ សាំងបង្ការជំងឺ កូវីដ-១៩ លើកទី(ដូសទី១) ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស កំពុងបង្កើនសកម្មភាពចាក់ វ៉ាក់សាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានកិច្ចសហការយ៉ាងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាននៃខណ្ឌនីមួយៗ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១ នេះ មាន បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី យ៉ាងច្រើន រស់នៅក្នុងខណ្ឌកំបូល ដែលពួកគាត់ មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចពួកគាត់បានបន្ដ មកចាក់វ៉ាក់សាំង នៅក្នុងទីតាំងសាលាបឋមសិក្សា កំបូល ក្បែរសាលាសង្កាត់ កន្ទោកយ៉ាង ច្រើន ព្រមទាំងបង្ហាញនូវក្តីរីករាយ ដែលខ្លួនបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជារបាំងមួយថ្មីទៀត ធ្វើឲ្យពួកគាត់ អាចការពារបានមួយចំណែកពីការវាយលុកនៃជំងឺដ៏កាចសាហាវ ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឲ្យដឹងថា ពលរដ្ឋនៅក្នុងខណ្ឌកំបូល នេះ នៅសេសសល់ប្រមាណជា ៣០ ភាគរយប៉ុណ្ណោះ ដែលមិនទាន់បានទទួលវ៉ាក់ សាំងបង្ការកូវីដ-១៩។ ហើយថ្ងៃនេះ ក្រុមការ ងារចំពោះកិច្ចរបស់យើងបានបន្តកិច្ចការយ៉ាង សកម្មក្នុងការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋដែលនៅសេសសល់ទាំងនេះឲ្យបានរួចរាល់។
លោកបន្តថា៖ ដោយមើលឃើញពីការចូលរួមរបស់បងប្អូនក្នុងការមកចាក់វ៉ាក់សាំងយ៉ាង ច្រើននោះ លោកគិតថា មិនលើសពី២ទៅ៣ ថ្ងៃទេ បងប្អូនទាំងអស់នៅក្នុងខណ្ឌកំបូលនឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។ សម្រាប់ថ្ងៃនេះ ក្រុមការងារចំពោះកិច្ច អាចនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងតិចជាង១ពាន់នាក់។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នឹងទទួល បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ៗគ្នាទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងរួចហើយ បានបង្ហាញនូវស្នាមញញឹមនិងអំណរគុណដល់អាជ្ញាធរ និងក្រុមការងារចំពោះកិច្ចដែលបានជួយ សម្របសម្រួលផ្តល់បណ្ឌជូនពួកគាត់ ដើម្បីមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ជាពិសេសអរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងស្វែងរក វ៉ាក់សាំងបង្ការកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា៖ គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន បាននឹងកំពុងបង្កើនល្បឿនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភ្នំពេញ ដោយបន្ថែមទៅលើខណ្ឌចំនួន៣បន្ថែមទៀត គឺខណ្ឌ៧ មករា ខណ្ឌច្បារអំពៅ និងចំការមន។ តាមការគ្រោងទុកនៅក្នុងខែមិថុនានេះ ប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់គ្នា ក្នុងពេលដែលពលរដ្ឋនៅភ្នំពេញចំនួនជាង២លាននាក់ហើយបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕
ដោយ ៖ សំរិត