ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតហឿន ពិសី ម្ចាស់ពាន Cambodia’s God Talent និយាយទាំងទឹកភ្នែកថា អយុត្តិធម៌ណាស់! ឈ្នះពានគ្មានឱកាសឡើងឆាកដូចគេ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយពីម្ចាស់ពានCambodia’s God Talent រដូវកាលទី១លោក យឿន ពិសី បានដាច់ចិត្តទម្លាយការណ៍ពិតទាំងយំសស្រាក់ដោយការតូចចិត្តព្រោះបានតែដេកឱបពានមិនមានឱកាសឡើងបង្ហាញមុខលើឆាកតន្ត្រីនានា។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីលោកបានឈ្នះពានរង្វាន់នេះអស់រយៈពេល៦ឆ្នាំកន្លងមកហើយតែគ្មានឱកាសរកប្រាក់ចំណូលពីការងារសិល្បៈដើម្បីជួយជីវភាពទាំងខ្លួនពិការនេះមិនបានសោះ។ 

  ទស្សនិកជនបានស្គាល់ យឿន ពិសី ក្រោយពីគ្រានោះលោកស្ថិតនៅវ័យកុមារដោយបានចូលរួមប្រកួតកម្មវីធីធំមួយនិងបានក្លាយជាម្ចាស់ជ័យលាភី កម្មវិធី Cambodia’s Got Talent ឆ្នាំ២០១៤ របស់ស្ថានីយទូរទស្សន៍ហង្សមាស  ។ ប៉ុន្តែក្រោយពីលើកពានមក លោកមានឱកាសបង្ហាញមុខតិចតួចប៉ុណ្ណោះរហូតមកដល់ពេលនេះលោកបានដាច់ចិត្តទម្លាយរឿងនេះទាំងទឹកភ្នែក។ ការបញ្ជាក់នេះក៏បានស្រាយចម្ងល់ជាច្រើនរបស់មហាជនដែរ ដែលកន្លងមកធ្លាប់បានជជីកសួរអំពីករណីនេះ ដែលគេស្ទើរតែមិនគួរឲ្យជឿអំពីវាសនារបស់ម្ចាស់ពាននេះរហូតធ្វើឲ្យទស្សនិកជនចង់ភ្លេចមុខជ័យលាភីរូបនេះទៅហើយ។   ការទម្លាយនេះបានធ្វើឲ្យទស្សនិកជនជាច្រើនបានសម្តែងក្តីអាណិតអាសូរជាពន់ពេកទៅកាន់ម្ចាស់ពានរូបនេះ ក្រោយពីលោកអះអាងថាលោករំពឹងថាក្រោយពីឈ្នះពានលោកនឹងមានឱកាសឡើងច្រៀងដូចគេ ប៉ុន្តែ៦ឆ្នាំហើយការរង់ចាំគឺបានត្រឹមតែដេកឱបពានប៉ុណ្ណោះ  មើលវីដេអូដែលខ្លួនបានឡើងប្រឡងស្ទើររៀងរាល់ថ្ងៃទាំងអារម្មណ៍សោកស្តាយជាទីបំផុត។លោកថា ប្រសិនបើពេលវេលាអាចត្រឡប់មកវិញបានលោកអាចនឹងរើសយកការមិនជាប់ជាម្ចាស់ជ័យលាភីល្អជាង ព្រោះលោកពិតជាតូចចិត្តចំពោះការមិនផ្តល់ឱកាសឲ្យដូចសិល្បករដែលជាម្ចាស់ពានដទៃ។លោកថា ចាប់តាំងពីជាប់ជាម្ចាស់ជ័យលាភីមកលោកមិនដែលបានកំណត់តម្លៃខ្លួនណាមួយសម្រាប់កម្មវិធីទេ ប៉ុន្តែលោកនៅតែគ្មានឱកាសដូចបណ្តាម្ចាស់ពានផ្សេងៗ ហើយលោកបានលាក់រឿងនេះទុកក្នុងចិត្តជាយូរមកហើយ។ 

  គួរបញ្ជាក់ដែរថា យឿន ពិសី បច្ចុប្បន្នមានអាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ពិសីគឺជាកូនទីពីរក្នុងចំណោមបងប្អូន៧នាក់ក្នុងគ្រួសារដ៏កម្សត់មួយ។ព្រោះតែជីវភាពខ្វះខាតហើយឪពុកធ្លាក់ខ្លួនឈឺទៀតនោះ ពិសី និងបងប្រុសតែងធ្វើដំណើរទៅផ្សារដើម្បីសុំទានគេដោយសារការច្រៀង និងផ្លុំខ្លុយ ដើម្បីប្ដូរយកថវិកាមកផ្គត់ផ្គង់គ្រួសារនិងទិញថ្នាំជូនម្ដាយដែលគាត់ឈឺផងដែរ ខណៈដែលឪពុកក៏បានស្លាប់តាំងពីពេលពិសីមានអាយុ៧ឆ្នាំមកម្ល៉េះ ។ ដោយក្តីអាណិតមានសប្បុរសជនធ្លាប់បានជួយឲ្យពិសីបានបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង»របស់ទូរទស្សន៍ CTN។ គ្រានោះដែរ សម្ដេចតេជោ ហ៊ុន សែនក៏ធ្លាប់បានផ្តល់ប្រាក់ចំនួនមួយពាន់ដុល្លារដល់ពិសី សម្រាប់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។  ឆ្នាំ ២០១០ ពិសីបានចូលរៀននៅសាលាវិទ្យាល័យអប់រំពិសេសសម្រាប់សិស្សពិការភ្នែក និងសិស្សគថ្លង់នៅទីរួមខេត្តកំពង់ចាម។និស្ស័យនៃការស្រឡាញ់ សិល្បៈ ចម្រៀង លេងឧបករណ៍តន្ត្រី និងការតែង គួបផ្សំនឹងសមត្ថភាព ពិសី បានសម្រេចចិត្តចូលរួមប្រកួតក្នុងកម្មវិធីមួយចំនួនដោយឆ្នាំ ២០១២ ពិសីទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រឡង «មហោស្រពតន្ត្រីចម្រៀងកុមារកម្ពុជា» របស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ៕ 


ដោយ ៖ វឌ្ឍនា


ចែករំលែក៖