ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើប្រមាណជាង​៨​ពាន់​ដើម​ទៀត​ អាជ្ញាធរ​ជាតិ​អប្សរា​ បន្ត​ចែក​ជូនដល់​សាធារណជន

ចែករំលែក៖

ភ្នំពេញ​៖ ​កូនឈើ​សរុបចំនួន​ ៨,៧០០ ដើម ត្រូវ​បាន​ចែក​ជូនទៅ​សាធារណជន​ កាលពីចុងខែឧសភា ឆ្នាំ​២០២១កន្លងទៅថ្មីៗនេះ បន្ទាប់ពី​ព្រះសង្ឃ ព្រមទាំង​សាធារណជន​បាន ដាក់ពាក្យ​ស្នើសុំ​កូនឈើ​ ជា​បន្តបន្ទាប់មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​យកទៅ​ដាំ នៅ​លើដី​លំនៅឋាន ដីចម្ការ សាលារៀន វត្ត​អារាម និង​ដី​តំបន់​ជុំវិញ​ទៅតាម​តម្រូវ។ នេះបេីយោង​តាមការបញ្ជាក់ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​

ជាក់​ស្ដែង​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ជាក់ថា ដើមឈើ​ដែល​ផ្តល់ជូន​ទាំងនោះ​រួមមាន​៖

*ផ្តល់​កូនឈើ​ជូន​តំណាង លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ចំនួន​៦០០​ដើម ដើម្បី​យកទៅ​ដាំ​តាម​បណ្តោយ​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​៤០០​ដើម និង​ធ្នង់​២០០​ដើម​។​

*ផ្តល់​កូន​ថ្កូវ​ជូន​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប ចំនួន​២០០​ដើម ដើម្បី​យកទៅ​ដាំ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​។​

*ផ្តល់​កូនឈើ​ជូន​តំណាង​ក្រុមហ៊ុន គូ​ឡា​រ៉ា វ៉​ធើរ​(KULARA Water Co.,Ltd.) ចំនួន​១,១៥០​ដើម​ដើម្បី​យកទៅ​ដាំ​ស្តារ​ព្រៃឈើ​រិច​រិល​ឡើងវិញ​តាម​ជើងភ្នំ​គូលែន ខាងក្រោម​ព្រះអង្គ​ជប់ ស្ថិតក្នុង​ភូមិ​ត្បែង​កើត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​២០០​ដើម ធ្នង់​២០០​ដើម បេង​១០០​ដើម ច្រេស​២០០​ដើម ឈើទាល​១០០​ដើម ផ្តៀក​១០០​ដើម គគីរ​១៥០​ដើម ត្រ​យឹ​ង​៥០​ដើម និង​កកោះ​៥០​ដើម​។​

*ផ្តល់​កូនឈើ​ជូន​តំណាង​លោកឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ហេង មេបញ្ជាការ​យោធភូមិ ភាគ​ទី​៤ ចំនួន​៥,០០០​ដើម ដើម្បី​យកទៅ​ដាំ​ក្នុង​បរិវេណ​ទីបញ្ជាការដ្ឋាន យោធភូមិភាគ​ទី​៤ ស្ថិតក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​១,០០០​ដើម ធ្នង់​៣០០​ដើម បេង​២០០​ដើម ច្រេស​៥០០​ដើម ឈើទាល​១,០០០​ដើម គគីរ​១,០០០​ដើម រំដួល​៥០០​ដើម និង​លឿង​រាជ​៥០០​ដើម​។​

*ផ្តល់​កូនឈើ​ជូន​លោក គឹម រស្មី ចំនួន​១២០​ដើម ដើម្បី​យកទៅ​ដាំ​លើដី​ផ្ទាល់ខ្លួន​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​៣០​ដើម ធ្នង់​៣០​ដើម កកោះ​៣០​ដើម និង​គគីរ ៣០​ដើម​។​

*ប្រគេន​កូនឈើ​ជូន​ព្រះអង្គ តាត មហា​ទី ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ចំនួន​១,១៣០​ដើម ដើម្បី​យកទៅ​ដាំ និង​ចែកចាយ​នៅតាម​សាលារៀន និង​វត្ត អារាម​ក្នុង​ខេត្តសៀមរាប​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​២០០​ដើម​បេង​២០០ ដើម សិរមាន់​២២០​ដើម គុយ​២០​ដើម ផ្ញៀវ​២២០​ដើម និង​រំដួល​២៧០​ដើម​។​

*ផ្តល់​កូនឈើ​ជូន​លោក ស៊ន់ កាន់ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប ចំនួន​៥០០​ដើម ដើម្បី​យកទៅ​ដាំ​តាម​ជើងភ្នំ​គូលែន ស្ថិតក្នុង​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ កូនឈើ​ទាំងនោះ​រួមមាន គ្រញូង​១០០​ដើម ធ្នង់​១០០​ដើម បេង​៥០​ដើម ច្រេស​៥០​ដើម ផ្តៀក​១០០​ដើម និង​គគីរ​១០០​ដើម​៕

ដោយ​៖សហការី​


ចែករំលែក៖