ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា​ ក្រសួងបរិស្ថាន បាននឹងកំពុង​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូចចំនួន ១៩៩គម្រោង​

ចែករំលែក៖

ភ្នំពេញ​៖​ ​បើតាម​ការ​បញ្ជាក់ពីរដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា បានថ្លែងឲ្យដឹង​នៅ​ថ្ងៃទី ០៤ ខែ មិថុនា​ឆ្នាំ ២០២១​នេះថា​ បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាននិងកំពុង​គ្រប់គ្រង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ ធម្មជាតិ​ខ្នាតតូច (​ទំហំ​ដី​មិន​លើសពី​១០​ហិកតា​ក្នុង មួយ​គម្រោង​) ចំនួន ១៩៩ គម្រោង​ដែល​ស្ថិតនៅ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងចំណោម​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​នេះ​មានដូចជា​នៅ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ឧទ្យាន​ជាតិ​កែប​ដែន​ជម្រក សត្វព្រៃ​ឱ​រ៉ា​ល់ ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុសុមៈ គិរី​រម្យ ឧទ្យាន​ជាតិ​ក្រវ៉ា​ញ កណ្តាល ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ដែនជម្រកសត្វព្រៃ​តា​តៃ​និង​ពាម​ក្រសោប ជាដើម​។​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បានថ្លែងបញ្ជាក់ទៀតថា​” ក្រសួងបរិស្ថាន​ជឿជាក់ថា​ជាមួយ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍ ទេសចរណ៍​ខ្នាតតូច​នេះ នឹងចូលរួម​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​បង្កើត សេដ្ឋកិច្ច​មូលដ្ឋាន​សម្រាប់​ប្រជា​សហគមន៍​”​។

​រដ្ឋលេខាធិការរូបនេះ​ បាន​បញ្ជាក់​បន្ថែមថា​ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ទាំងនោះ​មាន​សក្តានុពល​ទេសចរណ៍​ដូចជា​ទឹកធ្លាក់ ទេសភាព​និង​ព្រៃឈើ និង​សត្វព្រៃ​ជាដើម​។ គម្រោង​មួយចំនួន​បាននិងកំពុង ដំណើរការ និង​មួយចំនួនទៀត​បាននិងកំពុង​រៀបចំ​នីតិវិធី​នៃ​ការធ្វើ​កិច្ច សន្យា​ការពារ​បរិស្ថាន ការរៀបចំ​ប្លង់​មេ និង​កម្មវិធី​អភិវឌ្ឍន៍​។ នេះ​ជាការ​បង្កើត តំបន់​ទេសចរណ៍​ថ្មី​បន្ថែម​លើ​អ្វី​ដែលមាន​ស្រាប់​គ្រប់គ្រង​ដោយ​សហគមន៍​។ បច្ចុប្បន្ននេះ សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំនួន ២៦​បាននិងកំពុង​តែ​គ្រប់គ្រង ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​។​

​ជាមួយគ្នានេះ លោក នេត្រ​ភក្ត្រា​ បានបញ្ជាក់ទៀតថា​ ​ចំពោះ​ការវិនិយោគ​អភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិ​នេះ​គឺ​ការបង្កើត​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ថ្មីៗ​បន្ថែមទៀត​ដែលជា​ទី​ទាក់ទាញ​សម្រាប់​អ្នក​ស្រឡាញ់​ធន​ធន​ធម្មជាតិ​ដើរ​កម្សាន្ត​ស្វែងយល់ ពី​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរបែប​នៅ​កម្ពុជា​។ ទេសចរណ៍ធម្មជាតិ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ អប់រំ និង​បណ្តុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ ស្រឡាញ់ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​និង​អភិរក្ស​ជីវៈចម្រុះ​។បន្ថែមពីនេះ​ ​រដ្ឋលេខាធិការរូបនេះ​ ថា៖​ ការជំរុញ​លើ​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​គឺ​ដើម្បី​ជំរុញ​ការចូលរួម​ក្នុង​កិច្ចការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ពី​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហ គម​ន៍​មូលដ្ឋាន​។​សហគមន៍​ដើរតួនាទី សំខាន់​ក្នុងការ​ចូលរួម​ទទួលខុស​ត្រូវការពារ​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស និង​កសាង​ជា​របង​ការពារ​តំបន់ការពារធម្មជាតិ​តាមរយៈ​ការបង្កើត​មុខ របរ​ថ្មី ផ្តល់​ជម្រើស​ថ្មី និង​បង្កើន​ចំណូល​ប្រចាំថ្ងៃ បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕​

ដោយ ​៖ សហការី​


ចែករំលែក៖