ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកភូមិក៏ដូចជាក្រុមគ្រួសារបន្ទាប់ពីពួកគេប្រទះឃើញក្មេងស្រីដែលទើបតែចេះដើរតេះតះលង់ទឹកបៀខាងមុខផ្ទះស្លាប់គួរឱ្យអាសូរជាពន់ពេក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ស្ថិតនៅចំណុចភូមិទួលច្រេះឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកឱ្យដឹងថា ក្មេងស្រីខាងលើមានឈ្មោះ ឆាយ លីហៀង អាយុមួយខួប រស់នៅភូមិទួលច្រេះ ឃុំកំពង់ពិល ស្រុករំដួល។
បើតាមស្ត្រីជាម្ដាយបានរៀបរាប់ទាំងទឹកភ្នែកថា មិនគួរមានរឿងបែបនេះកើតឡើងសោះ ខណៈដែលគាត់មានការធ្វេសប្រហែសដោយជាប់រវល់ធ្វើការងារផ្ទះភ្លេចខ្លួនមួយភ្លែតធ្វើឱ្យកូនស្រីលង់ទឹកបៀមុខផ្ទះចម្ងាយ៥០ម៉ែត្រស្លាប់ដែលនាំឱ្យរូបគាត់មានវិប្បដិសារីអស់មួយជីវិត។
នគរបាលស្រុកបានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យចុះទៅពិនិត្យសពហើយសន្និដ្ឋានថា កុមារីរងគ្រោះពិតជាស្លាប់ដោយលង់ទឹកបៀប្រាកដមែនមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
ក្រោយមកសពក្មេងស្រីខាងលើសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន