ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងដោយការបង្ខំចិត្តតែប៉ុណ្ណោះ មិនមានចេតនាណាមួយធ្វើបាបបងប្អូននោះទេ ពោលគឺ ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ មានសុខុមាលភាពល្អ ជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈ ជម្ងឺនេះបាននឹងកំពុងវាយលុកនៅក្នុងរាជធានីនិងនៅតាមបណ្តាលខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ប្រសាសន៍លើកឡើងបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈ លោកដឹកនាំ អាជ្ញាធរនិងមន្ត្រីនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីចំនួន ៧.៩៨៨ គ្រួសារ នៅក្នុងតំបន់បិទខ្ទប់ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី០៥ មិថុនា ២០២១។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់ នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ និងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ រស់នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តបិទខ្ទប់ភូមិដ្ឋាន និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូននេះ មានចំនួន៧.៩៨៨គ្រួសារស្មើនឹង៧.៩៨៨បន្ទប់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូ, មី១កេស,ត្រីខ១យួរ ទឹកត្រី.ទឹកស៊ីអុីវ ១យួរ និងទឹកបរិសុទ្ធ១កេស ។
លោកបានបន្ដថា ៖សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចមិនត្រឹមតែរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់នៃរបបប៉ុលពតប៉ុណ្ណោះទេ សម្តេចនូវបានកសាងប្រទេសជាតិមួយនេះ ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចំរើន មានទាំងរោងចក្រ សហគ្រាស,កម្មករ,កម្មការិនីបានប្រាក់ខែខ្ពស់ថែមទៀត។ ជាក់ស្តែងអ្វីដែលយើងបានឃើញនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់បែបយ៉ាង ក្នុងការលុបបំបាត់និងកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ដោយមានទាំងការបង្ខំចិត្តបិទខ្ទប់តំបន់មានហានិភ័យមួយចំនួន ការផ្តល់ស្បៀងអាហារនិងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកប្រាក់ថែមទៀត ។ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលនិងអនុវត្ត ៣កុំ ៣ការពាររបស់សម្តេចតេជោហ៊ុន សែន។
ក្នុងឱកាសនោះដែរលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍បញ្ជាក់ថា៖ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធររាជធានី ខណ្ឌ នាំទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជម្ងឺកូវីដ-១៩នេះ បានចំនួនជាង១០ម៉ឺន៥ពាន់គ្រួសារហើយ ។ ជាក់ស្តែងនៅពេលនេះយើងបានបន្តការចែកជូនប្រជាពលរដ្ឋចំនួន ៧.៩៨៨ គ្រួសារទៀត នៅតំបន់បិទខ្ទប់នៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនេះថែមទៀត៕
ដោយ ៖ សំរិត