ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកចន្ទ្រា និងលោក អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃគគីរ ចុះជួបសំណេះសំណាលនិង ប្រគល់សម្ភារជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ថន ថាវុទ្ធា អភិបាល ស្រុកចន្ទ្រា និងលោក ពេញ ទិត្ថារ៉ា អនុប្រធានក្រុមការងារគណ:បក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃគគីរ និងសប្បុជនបានចុះជួបសំណេះសំណាលនិង ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ  ដែលកំពុងធ្វើចត្តាឡីស័ករស់នៅទាំង៥ភូមិស្ថិតក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ការចុះជួបសំណេះសំណាលនេះធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ១១រោចខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០ ៦ខែមិថុនា  ឆ្នាំ២០២១ ដោយមានការ ចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក លោកមេឃុំក្រុមប្រឹក្សាឃុំ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកប្រធានមណ្ឌលសុខភាពព្រៃគគីរ ជាច្រើននាក់ ។

លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនប្រជាពរដ្ឋដែលធ្វើចត្តាឡីស័ក ដោយសេចក្ដីនឹករលឹកពីសំណាក់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្ទ្រា លោកឡុង តារា ធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃគគីរជាពិសេស លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹកដែលជានិច្ចកាលលោកប្រធានក្រុមការងារ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកក៏សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។

សូមបញ្ជាក់ថាសម្ភារដែលប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៦ គ្រួសារ  ដែលកំពុងធ្វើចត្តាឡីស័ករស់នៅទាំង៥ភូមិក្នុងឃុំព្រៃគគីរស្រុកចន្រ្ទា ដែលបម្រើការងារនៅរោងចក្រ A & J តាយសេងទី១ រោងចក្រយូលី ក្រុងបាវិត ដែលក្នុងមួយគ្រួសារទទួលបាន មី០១កេស គីឡូក្រាម ទឹកត្រី០១ដបធំ  ប៊ីចេង ០១ គីឡូក្រាម ស្ករស ០១ គីឡូក្រាម ដោយសរុបចំណាយ២លាន៥សែន៤ម៉ឺន រៀល ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖