ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសក្នុងតំបន់អាស៊ានបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

នៅក្នុងការខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងប្រទេសតំបន់អាស៊ានដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនោះ ប្រទេសក្នុងតំបន់បានបង្កើនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋរបស់ខ្លួនដើម្បីអាចគ្រប់គ្រងការឆ្លងបានល្អបំផុត ។
ក្នុងពេលនេះដែរ ប្រទេសហ្វុីលីពីន បានពង្រីកការចាក់វ៉ាក់សាំងដល់ពលករ មន្ត្រីរាជការប្រមាណ៣៥លាននាក់ ក្នុងនោះមានប៉ូលិសចរាចរណ៍ជាដើម។ តាំងពីខែមីនា ហ្វុីលីពីនបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនក្រុមគ្រូពេទ្យ មនុស្សចាស់ …។ ចាប់ពីថ្ងៃទី៩ ខែមិថុនាទៅ ហ្វុីលីពីននឹងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដល់ពលរដ្ឋដែលបានចុះឈ្មោះចាក់វ៉ាក់សាំង។
ក្រៅពីប្រទេសហ្វុីលីពីន ប្រទេសថៃ ក៏បានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនទូទៅក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្របពេលដែលខ្លួន កំពុងបន្តប្រយុទ្ធតទល់ជាមួយរលកឆ្លងរាតត្បាតនៃជំងឺនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១បានផ្សាយថា រដ្ឋាភិបាលថៃបានដាក់គោលដៅចាក់វ៉ាក់សាំងឱ្យបាន៦លានដូសក្នុងខែមិថុនានេះ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសថៃផ្ទាល់ រួមជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលនាំចូល។ ថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូងបំផុត កាលពីចុងខែកុម្ភៈកន្លងទៅ ប៉ុន្តែវាមិនទាន់ទូលំទូលាយទេ។ គិតមកទល់ពេលនេះ មនុស្សសរុប២.៨លាននាក់ដែលសុទ្ធតែជាក្រុមបុគ្គលងាយរងហានិភ័យខ្លាំង ដូចជាបុគ្គលិកសុខាភិបាល និងអ្នកធ្វើការក្នុងវិស័យដឹកជញ្ជូនជាដើម ទទួលបានការចាក់វ៉ាក់សាំង១ដូសដំបូង និងប្រហែលជាង១.៤លាននាក់ ចាក់បានគ្រប់ដូស។
ក្រៅពីនេះក៏មានប្រទេសផ្សេងទៀតដូចវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា…បានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយមានតែការចាក់វ៉ាក់សាំងរួចរាល់ទេទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានល្អបំផុតនិងបើកទ្វារសេដ្ឋកិច្ចឡើងវិញ៕ដោយ៖ធីរីណា

រូបភាព៖ TTXVN


ចែករំលែក៖