ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងនៅព្រលប់ថ្ងៃទី០៧ខែមិថុនា២០២១នេះថា បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋល្អភ្លាម រូបលោកបានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាប ករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរសុីគូថៃភ្នាល់ដាក់ប្រាក់) ភ្លាមនោះដែរ ។
ប្រតិបត្តិការនេះធ្វើឡើងវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ហេង ស្រីអូន ក្នុងបុរីវឌ្ឍនៈ ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា ករណីនេះជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៤នាក់គឺ៖
១.ឈ្មោះ ខេង ស្រីអូន ភេទស្រី អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
២.ឈ្មោះ សេង ហួយ ភេទស្រី អាយុ៦០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣.ឈ្មោះ យូ សុធា ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៤.ឈ្មោះ គឹម យីម ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន៖ ១-បៀរលីឡុង០១ហ៊ូ៥២សន្លឹក ,២-កម្រាលក្រាលលេងបៀរ០១ ,៣-តុមូលដែក០១ ,៤-កៅអីចំនួន០៤,៥-ទូរស័ព្ទដៃចំនួន០១គ្រឿង ,៦-ប្រាក់រៀលចំនួន២៦០.០០០រៀល (ម្ភៃប្រាំមួយម៉ុឺនរៀល) ,៧-ប្រាក់ដុល្លារចំនួន ៦២០$ (ប្រាំមួយរយម្ភៃដុល្លារអាមេរិក) ។
បច្ចុប្បន្នជនសង្ស័យចំនួន០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
ដោយ ៖ វណ្ណៈ