ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅរាជធានីជាង២លាន៥សែននាក់ហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី០៧មិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញជាង២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជំរុញឱ្យពន្លឿនការចាក់វ៉ាក់សាំងនេះឱ្យបានលឿននិងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២.៥៦៤.០៨៦នាក់ហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០៦ខែមិថុនា ចាក់បានចំនួន២.៥៣៧.៤៧៧នាក់ មានន័យថា សម្រាប់ថ្ងៃ០៧ មិថុនាក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២៦.៦០៩ នាក់ប៉ុណ្ណោះ។

   អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោក ឃួង ស្រេង តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងឱ្យបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ស្រប តាមការកំណត់របស់រាជរដ្ឋាភិបាលដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

ដោយ៖ សំរិត


ចែករំលែក៖