ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ដាច់ហ្វ្រ័ងរេចង្កូតបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារនៅវេលាម៉ោង ៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលេខ៥៨ ស្ថិតនៅ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកេីតមានរថយន្ដធុនធំ១គ្រឿងម៉ាក ហ៊ីយ៉ានដាយ ពាក់ស្លាកលេខកំពង់ចាម 3A-9059 បើកបរដោយឈ្មោះ ឃុន ប៊ុននី ប្រុស ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោចាន់ដាំ ឃុំស្វាយសន្ធោ ស្រុកព្រៃវែង ខេត្ដព្រៃវែង។ បើកបរក្នុងទិសដៅពី ជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកន្លែងកើតហេតុ រថយន្ដក៏រេចង្កូតទៅបុករថយន្ដម៉ាកកាម៉ារីស៊េរីចាស់ស្លាកលេខ.ត.7863 ភ.ព2 ច្រាសទិសគ្នាបើកបរដោយឈ្មោះ អូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខូចខាតចំហៀងខាងឆ្វេងខាងក្រោយ ហើយរថយន្ដមិនទាន់អស់ល្បឿន បានបន្តទៅបុករានដាក់ដបសាំង រួចបុកម៉ូតូម៉ាកវ៉េវ១១០ពណ៌ខ្មៅកំពុងឈប់ចាក់សាំងពាក់ស្លាកលេខកំពង់ចាម 1E 7253 មានម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមC125 ស៊េរីឆ្នាំ២០១៩ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1T 6649 ឈប់ទុកមុខផ្ទះ នឹងបន្តបុកផ្ទះពលរដ្ឋរងការខូចខាតធ្ងន់ ដែលមានម្ចាស់ឈ្មោះ ឃុន ខុម ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងផ្ទះឈ្មោះ ទេព សុខុម ភេទប្រុស អាយុ២៥ឆ្នាំ រងការខូចខាត តូបលក់ទូរទស្សន៍ម្ចាស់ឈ្មោះ ស៊ុម វាសនា ភេទ ប្រុសអាយុ ២៧ឆ្នាំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខូចខាតធ្ងន់ធ្ងរទាំងសម្ភារ និងតូបកាត់សក់ម្ចាស់ឈ្មោះ គយ សេងហួ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត។ ក្រោយពីកេីតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់។ចំពោះវត្ថុតាងទាំងអស់ ក្រោយពីធ្វេីការវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដេីម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ វណ្ណា