ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសដែលខួងយករ៉ែមាសច្រើនជាងគេបំផុតប្រចាំនៅទ្វីបអាហ្វ្រិក

ចែករំលែក៖

កាលពីឆ្នាំ២០១៩ ប្រទេសហ្គាណា(Ghana) បានខួងយករ៉ែមាសបានដល់ទៅ១៤២តោន នាំមុខលើប្រទេសអាហ្វ្រិកខាងត្បូង ក្លាយជាប្រទេសខួងយករ៉ែមាសបានច្រើនបំផុតលើពិភពលោក។
ប្រទេសនេះស្ថិតនៅឈូងសមុទ្រ Guinea និងមហាសមុទ្រអាត្លង់ទិកហ្គាណាជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិ ពិសេសគឺរ៉ែ។ ប្រទេសហ្គាណាមានពលរដ្ឋជាង៣១លាននាក់ ត្រូវបានគេចាត់ទុកថាជាគំរូនៃប្រជាធិបតេយ្យនៅទ្វីបអាហ្វ្រិក ដែលមានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ។
បើទោះបីមានជំងឺរាតត្បាតកូវីដ-១៩ តែប្រទេសតំបន់អាហ្វ្រិកមួយនេះមានកំណើនសេដ្ឋកិច្ច ១,១% ក្នុងឆ្នាំ២០២០ ខណៈដែលប្រទេសជាច្រើនក្នុងតំបន់មានកំណើតសេដ្ឋកិច្ចក្រោមសូន្យ។ ការណ៍ដែលហ្គាណារក្សាសេដ្ឋកិច្ចបានល្អគឺដោយសារទទួលបានជោគជ័យ នៅក្នុងវិស័យខួងយករ៉ែមាស ជាប្រភពចំណូលជាង៩០%សម្រាប់ប្រទេសហ្គាណា។ ចំណែកវិស័យនាំចេញវិញ នាំមកនូវប្រាក់ចំណូលតែ១០ភាគរយប៉ុណ្ណោះ។
ចាប់តាំងពីសតវត្សរ៍ទី៥ ជនជាតិ Akan បានទៅតាំងទីលំនៅនៅក្នុងទឹកដីហ្គាណាបច្ចុប្បន្ន។ប្រភពចំណូលរបស់ពលរដ្ឋនៅទីនោះគឺ ជួញដូរមាស ជាមួយពាណិជ្ជករជនជាតិBerber(ពេលនេះជាជនជាតិអារ៉ាប់)ដោយឆ្លងកាត់វាលខ្យាច់សាហារ៉ា។ ក្រុមជនជាតិ Akan បានបង្កើតអាណាចក្រAkan ដ៏រឹងមាំ គ្រប់គ្រងដោយរាជវង្ស Ashanti ដែលស្ថិតស្ថេរដល់បច្ចុប្បន្ន ជាផ្នែកមួយនៃប្រទេសហ្គាណា ។
នៅសតវត្សទី១៥ ជនជាតិព័រទុយហ្គាល់ បានឈានជើងចូលដែនដីនោះ ហើយបង្កើតការរកស៊ីជាមួយជនជាតិ Akan ។

ដោយនៅទីនោះមានចំនួនមាសយ៉ាងច្រើនទើបគេហៅទីនោះថាជាឆ្នេរសមុទ្រមាស។
នៅឆ្នាំ១៨៧៤ អង់គ្លេសក៏បានធ្វើអាណានិគមទៅលើប្រទេសហ្គាណា ដោយជីកយករ៉ែមាសនិងការជួញដូរទាសករក៏បានចាប់ផ្តើមកើតឡើងនៅទ្វីបអាហ្វ្រិក។ រហូតដល់ឆ្នាំ១៩៥៧ ប្រទេសឆ្នេរសមុទ្រមាសក៏បានដណើ្តមឯករាជ្យពីប្រទេសអង់គ្លេសហើយដាក់ឈ្មោះទៅជា ហ្គាណា ហើយយកវិស័យខួងរ៉ែមាសជាប្រភពចំណូលដ៏សំខាន់របស់ជាតិ។ នៅឆ្នាំ១៩៨៣ សេដ្ឋកិច្ចរបស់ប្រទេសហ្គាណារីកចម្រើន វិស័យឧស្សាហកម្មរបស់ប្រទេសនេះជឿនលឿន។ តាមការវាយតម្លៃ ប្រទេសហ្គាណា មានមាសប្រមាណ ១០០០ម៉ែត្រគូប៕ដោយ៖ធីរីណា

រូបភាព៖baogiaothong.vn

 


ចែករំលែក៖