នៅថ្ងៃទី៨ខែមិថុនា នៅក្នុងកិច្ចប្រជុំ សភាជប៉ុនបានអនុម័តថ្កោលទោសទៅលើការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈរបស់យោធាមីយ៉ាន់ម៉ា ។ នៅក្នុងសេចក្តីសម្រេច ជប៉ុនបានបង្ហាញពីការសាមគ្គីភាពជាមួយពលរដ្ឋមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងការធ្វើបាតុកម្មដោយសន្តិភាព។
ពាក់ព័ន្ធស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឱ្យដឹងថា អាមេរិកស្វែងឱកាសអំពាវនាវដល់ក្រុមអ្នកវិនិយោគបរទេសកែទម្រង់ ការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
មានប្រសាសន៍នៅក្នុងសភា លោក Antony Blinken បានបញ្ជាក់ថា «អ្វីដែលយើងខ្ញុំអាចចូលរួមនៅពេលនេះគឺការខិតខំដើម្បីបញ្ចុះបញ្ជូលបណ្តាប្រទេសដែលកំពុងតែវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា វាយតម្លៃពីស្ថានភាពឡើងវិញនៅក្នុងប្រទេសនេះ ការវិនិយោគនៅមីយ៉ាន់ម៉ាគឺជាការជួយដល់កម្លាំងទាហានមីយ៉ាន់ម៉ា»។
លោក Antony Blinken បន្តទៀតថា អាមេរិកចង់ឲ្យមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សា ហើយដោះលែងអ្នកនយោបាយឲ្យមានសេរីភាពឡើងវិញ ។ មីយ៉ាន់ម៉ាធ្លាក់ក្នុងវិបត្តិនយោបាយ ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ ក្រោយកម្លាំងយោធាធ្វើរដ្ឋប្រហារចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលជាច្រើនរូប ក្នុងនោះក៏មានលោកស្រីអោងសាន ស៊ូជីផងដែរ។
ក្រោយការឡើងកាន់អំណាចកម្លាំងយោធាមីយ៉ាន់ម៉ាបានប្រកាសអាសន្នទូទាំងប្រទេសរយៈពេល១ឆ្នាំ ហើយសន្យាថានឹងរៀបចំបោះឆ្នោតរួចផ្តល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលថ្មី៕
ដោយ៖ធីរីណា