ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅ ៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដំណើរការទៅដោយរលូន

ចែករំលែក៖

ភ្នំពេញ៖ ដំណើរនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ ទៅតាមការណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរយ៉ាងរលូន នៅលើទីតាំងចំនួន១៤ដែលបានកំណត់ ជាមួយនិងការរក្សា គម្លាតសុវត្ថិភាពទៅតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ នៅព្រឹកថ្ងៃទី១០ មិថុនានេះ។

   ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វានិងខណ្ឌព្រែកព្នៅ  ក្នុងនោះគេបានឃើញ រដ្ឋបាលខណ្ឌទាំង៣បានសហការយ៉ាងល្អជាមួយក្រុមគ្រូពេទ្យ ដោយតម្រូវអោយបងប្អូនប្រជាពលរដ្ឋតម្រង់ជាជួរយ៉ាងមានសណ្តាប់ធ្នាប់ ជាមួយគ្នានោះ ការរក្សាគម្លាតសុវត្ថិភាពសង្គម ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ក៏បានធ្វើឡើងយ៉ាងល្អផងដែរ។

   ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង៣ ខាងលើប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថា ដើម្បីជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿននិងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិសំដៅបង្កើតឱ្យមានភាពស៊ាំ សហគមន៍ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ។

     លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។

   សូមបញ្ជាក់ថា ៖កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ ដែលក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វានិងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង ។

 ការគិតមកដល់ពេលនេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួនជាង១លាន៦សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដុសទី១និងដុសទី២ ៕

ដោយ ៖ សំរិត


ចែករំលែក៖