ភ្នំពេញ៖ ក្រោយពីកម្មករ-កម្មការិនីនៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាកកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ដែលមានកម្មករ-កម្មការិនីប្រហែលជាង ១០០០នាក់ នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណៈដែលក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងរោងចក្រនោះផ្ទាល់រួចមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់មន្រ្ដីរាជធានី សហការជាមួយរដ្ឋបាលខណ្ឌ-សង្កាត់ ចុះទៅធ្វើការអប់រំណែនាំបន្ថែម ដល់កម្មករ កម្មការិនីនៅរោងចក្រហ្វ័រត្រេស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោដើម្បីឱ្យយល់ច្បាស់អំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងការយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ ការណ៍ដែលកម្មករកម្មការិនីរោងចក្ររត់ចេញពីរោងចក្រខាងលើដោយសារតែក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកពេលនោះកម្មករសុំឱ្យក្រុមគ្រូពេទ្យវ៉ៃត្រាបញ្ជាក់ថាពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យបានប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន។ ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងចក្រចេញមកក្រៅតែម្តង ។
ក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញសូមរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅថែរក្សានូវសុខភាព អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូនកម្មកររោងចក្រខាងលើនាំគ្នាទៅពិនិត្យ និងយកសំណាកហើយបើមិនមានជំងឺកូវីដ-១៩ទេ ការពិនិត្យនេះដូចជួយការពារកូវីដ ហើយជួយការងារបងប្អូននៅបន្តនិរន្តរភាពហើយរោងចក្រនៅតែបន្តដដែល ដូច្នេះសូមបងប្អូនសហការជាមួយអាជ្ញាធរ ដែលនេះជាប្រយោជន៌របស់បងប្អូននិងប្រជាពលរដ្ឋផងដែរ។
លោកក៏សូមសរសើរដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនមន្រ្តីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់របស់យើង គឺដើម្បីឧត្តម ប្រយោជន៍របស់បងប្អូន សុខុមាលភាព របស់បងប្អូន និងការងាររបស់បងប្អូន នៅក្នុងដំណាក់កាលនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ៕
ដោយ ៖ សំរិត